អ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំថ្នាក់ដឹកនាំ សមាគមឧកញ៉ាកម្ពុជា សម្ដែងការគួរសម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា ចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសដែលសម្ដេចតេជោ ផ្ដល់កិត្តិយស ជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា នៅភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃនោះដែរ អ្នកឧកញ៉ា លី យ៉ុងផាត់ រួមទាំងថ្នាក់ដឹកនាំនិងសមាជិក នៃសមគមឧកញ៉ាកម្ពុជា ក៏សូមគោរពជូនពរសម្ដេចប្រមុខរាជរដ្ឋាភិបាល ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យឧកញ៉ាទាំងអស់ត្រូវពង្រឹងសាមគ្គីភាពរួមគ្នាជួយដល់កិច្ចការសង្គមធ្វើសកម្មភាពមនុស្សធម៌និងចេះជួយដល់ការលំបាករបស់ប្រជាពលរដ្ឋ។

សម្តេចតេជោបានរំលឹកយ៉ាងដូច្នេះថា ការរស់នៅក្នុងសង្គមមួយមិនអាចកាតផ្តាច់គ្នានោះឡើយរវាងអ្នកមាននិងអ្នកខ្សត់ខ្សោយ គឺត្រូវចេះយកអាសាគ្នាដូចពាក្យចាស់បុរា ណទូន្មានថា«អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅដូចសំពៅពឹង សំប៉ា ” ។

បន្ថែមទៀតនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍និងការណែនាំមួយចំនួនដល់សមាគមឧកញ៉ាកម្ពុជាធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបា លក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមពិសេ សការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សូម​ជម្រាប​ជូន​ថា សមាគមឧកញ៉ាកម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ២០២២ ក្នុង​គោលបំណងលើកកម្ពស់​គុណតម្លៃ នៃគោរមងារឧកញ៉ា និង​ធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បី​ជាមូលដ្ឋានក្នុងការរួមចំណែក​យ៉ាង​សកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោល​នយោបាយ​យុទ្ធសាស្ដ្រចតុកោណ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្ស​ធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើនរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន។ សមាគមឧកញ៉ាកម្ពុជា បច្ចុប្បន្ន​មាន​អគ្គនាយកក្រុមហ៊ុន LYP Group អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន និង​មាន​សមាសភាព​ក្រុមប្រឹក្សាភិបាល​សរុប​ចំនួន ៣២​រូប៕