ម្ចាស់ក្រុមហ៊ុនសាងសង់មួយ នៅខេត្តកំពង់ធំ ទទួលបានគោរមងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ លោក ទុំ ហ៊ែលហង្សរី ជា «ឧកញ៉ា» ​​​​​​​កាលពី​​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ ទុំ ហ៊ែលហង្សរី ត្រូវ​បាន​គេ​ដឹង​ថា ជា​ម្ចាស់​​ក្រុមហ៊ុន​សាងសង់​ក្នុង​ស្រុក​មួយ​​មាន​ឈ្មោះ​ថា សហគ្រាស ទុំ ហ៊ែលហង្សរី ខនស្រ្តាក់សិន សឺវីស (TUM HELHANGRY CONSTRUCTION SERVICE) ដែល​មាន​អាសយដ្ឋាន​នៅ​ភូមិអាចារ្យលាក់ ឃុំអាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្រុមហ៊ុន ទុំ ហ៊ែលហង្សរី ខនស្ដ្រាក់សិន សឺវីស ជារឿយៗតែងទទួលបានគម្រោងស្ថាបនាផ្លូវថ្នល់ នៅក្នុង​ភូមិសាស្ដ្រខេត្តកំពង់ធំ។ ជាក់ស្ដែង កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ ក្រុមហ៊ុន​មួយ​នេះ​ ទទួលបាន​គោលការណ៍​ពីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ដើម្បីធ្វើការសាងសង់ផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ៣១៥ម៉ែត្រ ទទឹង ១០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ ចូលសាលាស្រុកតាំងគោក ស្ថិតនៅភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ជូនរដ្ឋបាលខេត្តកំពង់ធំ ក្នុងតម្លៃទឹកប្រាក់សរុបចំនួន ៦២៦ ១៣៥ ០០០រៀល។

បន្ថែមពីនេះ​ ផ្លូវក្រាលកៅស៊ូមួយខ្សែប្រភេទ DBST ប្រវែង ២០២០ម៉ែត្រ ទទឹង ០៦​ម៉ែត្រ នៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ដែលកំពុងដំណើរការសាងសង់ ក៏ត្រូវបានស្ថាបនាដោយក្រុមហ៊ុន ទុំ ហ៊ែលហង្សរី ខនស្ត្រាក់សិន សឺវីស ផងដែរ៕