អ្នកឧកញ៉ា២រូប អមដំណើរលោក ជា សុផារ៉ា ចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវមេ ភ្នំបូកគោ-ផ្លូវជាតិលេខ៤

ជុំវិញ​ឧកញ៉ា

កាលព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២៣ ​​​​អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប និង​អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ​​បាន​អញ្ជើញ​ចូល​រួម​អមដំណើរ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យ​វឌ្ឍនភាព​នៃការ​ស្ថាបនាផ្លូវមេ តភ្ជាប់ពីផ្លូវជាតិលេខ៤​ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៨+២៩១​ ឆ្ពោះទៅលើភ្នំបូកគោ​ ស្ថិត​នៅ​ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរ​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការងារ​ស្ថាបនា​ផ្លូវមេ​មួយ​នេះ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក គួច ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ ​​​​​​រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី និង​ក្រសួងបរិស្ថាន ​​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បុគ្គលិក​ក្រុមហ៊ុន និង​​កម្មករ​ជា​ច្រើន​នាក់​ផង​ដែរ។

បើ​តាម​​គម្រោង​ប្លង់ ​​ផ្លូវ​ធ្វើ​ដំណើរ​ឡើង​ភ្នំ​​​បូកគោ ​​ប្រវែង ៦១​គីឡូម៉ែត្រ ដែល​​​ឆ្លង​កាត់​ចំការ​ដូង​ប្រេង​​របស់​អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី ប្រវែង ១៥គីឡូម៉ែត្រ​នេះ​ ​​មាន​ទទឹង​ផ្លូវ​សរុប​ប្រមាណ ២០ម៉ែត្រ ​​ក្នុង​នោះ​​មាន​ផ្លូវ​រថយន្ត​ទៅ​មក ​​៧​ម៉ែត្រ ផ្លូវ​ម៉ូតូ​ទៅ​មក ៦ម៉ែត្រ ​​និង​ចិញ្ចើម​ផ្លូវ​ប្រវែង ៣,៥ម៉ែត្រ​ទាំង​សងខាង។ គិត​ត្រឹម​​ថ្ងៃទី​០១ ខែមេសា ឆ្នាំ២០២៣​ ផ្លូវ​ថ្មី​នេះ​ បាន​បញ្ចប់​ការ​ឈូសឆាយ ១០០%​ ជាផ្លូវការ ​​និង​នៅ​តែ​បន្ត​ស្ថាបនា​​​ទៅ​តាម​គម្រោង​បន្ត​បន្ទាប់ រហូត​ដល់​ការ​ចាក់​កៅស៊ូ។

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​លើក​ឡើង​ថា៖ “ថ្ងៃ​នេះ​យើង​បាន​ចាប់​ដៃ​គ្នា ដើម្បី​ធ្វើ​ឱ្យ​ផ្លូវ​នេះ​កើត​ឡើង​ដូច​បំណង​ប្រាថ្នា ​​ដូច​អ្វី​ដែល​​​​​​យើង​បាន​លើក​ឡើង​ពេល​ជួប​គ្នា កាល​ខែ​មករា ឆ្នាំ២០២២”។

សូម​ជម្រាប​ថា គម្រោងស្ថាបនាផ្លូវតភ្ជាប់ឧទ្យានជាតិ​ព្រះមុនីវង្សបូកគោ​ មកផ្លូវជាតិលេខ៤ ត្រង់ចំណុច គីឡូ​ម៉ែត្រលេខ១៥៨+២៩១​ នេះ​ ត្រូវ​បាន​រាជរដ្ឋាភិបាលកម្ពុជា ​សម្រេច​​កាល​ពី​ដើម​ឆ្នាំ​២០២២ ឱ្យ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ​សហការ​ជាមួយ​អ្នកជំនួញ​ជើង​ចាស់​ពីរ​រូប​គឺ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ និង​អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ​​បើក​ការ​​ឈូសឆាយ​ធ្វើ​ផ្លូវ​ថ្មី​នេះ​ឡើង ដើម្បី​មាន​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ ចំណេញ​ពេលវេលា ​ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច គាំទ្រ​ដល់ការ​វិនិយោគ​ និង​ទាក់ទាញ​ផ្នែក​ទេសចរណ៍។

ក្រៅពីចុះត្រួតពិនិត្យពីវឌ្ឍនៈភាពនៃការងារស្ថាបនាផ្លូវមេតភ្ជាប់ពីផ្លូវជាតិលេខ៤ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៨+២៩១រួចហើយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា, លោក គួច ចំរើន, អ្នកឧកញ៉ា សុខ គង់, អ្នកឧកញ៉ា ម៉ុង ឫទ្ធី និងមន្ត្រីពាក់ព័ន្ធ ក៏បានបន្តដំណើរទៅចុះពិនិត្យគម្រោងការសាងសង់រូបព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ដែលជាព្រះពុទ្ធប្បដិមា ព្រះភ្នែនខ្ពស់ជាងគេនៅលើពិភពលោក ស្ថិតនៅក្នុងឧទ្យានជាតិព្រះមនុវង្ស«បូកគោ»។ ព្រះពុទ្ធប្បដិមាដ៏ធំមហិមា​លើ​ភ្នំ​បូកគោនេះ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ពី ៣០​លាន​ដុល្លារ​ ​ទៅ ៤០​លាន​ដុល្លារ​អាមេរិក ក្រោមគំនិតផ្ដួចផ្ដើម និងការចំណាយរបស់ អ្នកឧកញ៉ា សុខ គង់ ​​អគ្គនាយក​ក្រុមហ៊ុន​ សូគីម៉ិច និង​ជា​ម្ចាស់​សណ្ឋាគារ​ ឋានសួគ៌ សុខា បូកគោ។

អ្នកឧកញ៉ា សុខ គង់ ធ្លាប់បានបញ្ជាក់ថា គោលបំណងនៃការសាងសង់រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ ដើម្បីជា​ទីសក្ការៈដ៏ថ្លៃថ្លា​ឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើន​រុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំង​ប្រទេស​កម្ពុជា។ ម្យ៉ាងវិញទៀត ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះ ក៏នឹង​ជួយរួមចំណែកទ្រទ្រង់ ដល់វិស័យ​ព្រះពុទ្ធ​សាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ជាពិសេសទៀតនោះ នឹង​អាច​ទាក់ទាញ​​​ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ រាប់លាននាក់ក្នុងមួយឆ្នាំៗ មក​កាន់​តំបន់​នេះ៕

ទីតាំងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ