អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានបង្ហើបឱ្យដឹងថា ការស្ថាបនាផ្លូវមេ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៨+២៩១ ឆ្ពោះទៅលើភ្នំបូកគោ បានឆ្លងកាត់ចំការដូងប្រេងរបស់លោកប្រវែង ១៥គីឡូម៉ែត្រ និងបានឈូសឆាយដើមដូងប្រេងរបស់លោកអស់ប្រមាណជាង ៣០០០ដើម។
ថ្លែងក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវមេ តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅលើភ្នំបូកគោ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមវត្តមានលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងថា លោកមិនមានអ្វី ក្រៅពីការកោតសរសើរអ្នកឧកញ៉ា សុខ គង់ ដែលបានបោះទុនវិនិយោគទាំងអាយុ ៧០ជាងហើយ នៅតែចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបន្តយ៉ាងដូច្នេះថា៖ “ទោះបីជាខ្ញុំត្រូវលះបង់យ៉ាងណាក៏ដោយ ខ្ញុំត្រូវតែអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដើម្បីឈូសដូងប្រេងចេញប្រវែង ១៥គីឡូម៉ែត្រ និងអស់ដូងប្រេងជាង ៣០០០ដើម ដើម្បីកើតចេញជាផ្លូវនេះ ទុកជាប្រវត្តិសាស្ត្រ សម្រាប់ប្រជាជនយើងតកូនតចៅទៅអនាគត ថាអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឫទ្ធី បានរួមសាមគ្គីគ្នាមួយផ្នែក ដើម្បីរួមចំណែកអភិវឌ្ឍផ្លូវនេះ”។
អ្នកឧកញ៉ា បានបន្ថែមថា សូមឱ្យបុគ្គលិក និងកម្មករក្រោមឱវាទអ្នកឧកញ៉ា សុខ គង់ ទាំងអស់ ត្រូវដឹងថាផ្លូវនេះកកើតឡើង ក៏ដោយសារការរួបរួមសាមគ្គីរវាងអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឫទ្ធី ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកអភិបាលខេត្ត គួច ចំរើន ជាពិសេសដំបូលដ៏ខ្ពស់បំផុតគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលលោកបានចង្អុលបង្ហាញ។
ក្រៅពីចុះត្រួតពិនិត្យពីវឌ្ឍនៈភាពនៃការងារស្ថាបនាផ្លូវមេតភ្ជាប់ពីផ្លូវជាតិលេខ៤ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៨+២៩១រួចហើយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា, លោក គួច ចំរើន, អ្នកឧកញ៉ា សុខ គង់, អ្នកឧកញ៉ា ម៉ុង ឫទ្ធី និងមន្ត្រីពាក់ព័ន្ធ ក៏បានបន្តដំណើរទៅចុះពិនិត្យគម្រោងការសាងសង់រូបព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ដែលស្ថិតនៅក្នុងឧទ្យានជាតិព្រះមនុវង្ស«បូកគោ»ផងដែរ។ ព្រះពុទ្ធប្បដិមា ព្រះភ្នែនខ្ពស់ជាងគេនៅលើពិភពលោក លើភ្នំបូកគោនេះ គ្រោងនឹងចំណាយថវិកាប្រមាណពី ៣០លានដុល្លារ ទៅ ៤០លានដុល្លារអាមេរិក ក្រោមគំនិតផ្ដួចផ្ដើម និងការចំណាយរបស់ អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សូគីម៉ិច និងជាម្ចាស់សណ្ឋាគារ ឋានសួគ៌ សុខា បូកគោ។
គួរបញ្ជាក់ថា ផ្លូវធ្វើដំណើរតភ្ជាប់ពីផ្លូវជាតិលេខ៤ ឡើងភ្នំបូកគោ ប្រវែង ៦១គីឡូម៉ែត្រនេះ មានទទឹងផ្លូវសរុបប្រមាណ ២០ម៉ែត្រ ក្នុងនោះមានផ្លូវរថយន្តទៅមក ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក ៦ម៉ែត្រ និងចិញ្ចើមផ្លូវប្រវែង ៣,៥ម៉ែត្រទាំងសងខាង។ គិតត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ផ្លូវថ្មីនេះ បានបញ្ចប់ការឈូសឆាយ ១០០% និងនៅតែបន្តស្ថាបនាទៅតាមផែនការជាបន្តបន្ទាប់ រហូតដល់ការចាក់កៅស៊ូ សម្រេចគម្រោងជាផ្លូវការ នាពេលដ៏ឆាប់ខាងមុខ៕