នៅរសៀលថ្ងៃទី១០ ខែមេសានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ស្ថាបនិក ក្រុមហ៊ុន កាឡាក់ស៊ីណាវ៉ាត់ត្រា បានផ្ញើសាររំលែកទុក្ខជូន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងពេលដែល បងស្រីបង្កើត របស់អ្នកឧកញ៉ា គឺលោកស្រី ម៉េង ហុងមៀន ទទួលមរណភាពកាលពីពេលថ្មីៗនេះ។
ក្នុងលិខិតរំលែកទុក្ខចំនួនមួយទំព័រ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបង្ហាញពីអារម្មណ៍ក្ដុងក្ដួលចំពោះមរណភាព លោកស្រី ម៉េង ហុងមៀន ថា៖ ” យើងខ្ញុំមានសេចក្តីតក់ស្លុតក្ដុកក្ដួល ប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសូមចូលរួមសម្ដែងការសោកស្តាយឥតឧបមា ដោយទទួលដំណឹងដ៏ក្រៀមក្រំថា លោកស្រី គិត ហុងមៀន ដែលត្រូវជាបងស្រីបង្កើតរបស់អ្នកឧកញ៉ា បានទទួលមរណភាព នៅថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៥៖១៥នាទីល្ងាច ម៉ោងនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដោយរោគាពាធ” ។
អ្នកឧកញ៉ា បានបន្ថែមថា យើងខ្ញុំសូមចូលរួមសម្ដែង នូវសេចក្តីសោកស្ដាយស្រណោះ អាឡោះអាល័យបំផុតជាមួយអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់លោកស្រី គិត ហុងមៀន ជាបងស្រីបង្កើត ជាបងស្រីថ្លៃ ជាឧត្តមភរិយា ជាម្តាយ ជាម្តាយក្មេក និងជាជីដូន ដែលជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយសង្គហធម៌ដ៏ថ្លៃថ្លាបំផុត ព្រហ្មវិហារធម៌មិនចេះរីងស្ងួត ដោយមួយជីវិតរបស់លោកស្រី បានលះបង់ទាំងកម្លាំងកាយ និងប្រាជ្ញាស្មារតី មិនគិតពីការនឿយហត់លំបាកលំបិន ជំនះរាល់ឧបសគ្គនានា ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំ ទូន្មានបុត្រាបុត្រី ឱ្យក្លាយជាកុលបុត្រ កុលធីតា ប្រកបដោយគន្លងធម៌សម្រាប់សង្គមជាតិ។
នៅក្នុងវេលាប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ក្រៀមក្រំស្ទើររកទីបំផុតគ្មាននេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកសង្រេងជាទីបំផុត ជាមួយអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព និងសូមសម្តែងនូវការគោរព ចំពោះដួងវិញ្ញាណក្ខន្ធរបស់លោកស្រី គិត ហុងមៀន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕