កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន លក្ស្មី ប្រាយម៍ អ៊ិនវេសមេន (Laksmi Prime Investment Co., LTD) របស់លោកឧកញ៉ា លឹម សុជាតិ បានប្រារព្ធកម្មវិធីអបអរសាទរភាពជោគជ័យនៃមហាគ្រួសារ លក្ស្មីខួប ១០ឆ្នាំ នៃការបង្កើតក្រុមហ៊ុន ចាប់តាំងពីឆ្នាំ២០១២-២០២២ ពីបុគ្គលិកមួយរូប រហូតដល់មានបុគ្គលិកជាង ៨០០នាក់ ក្នុង២០២៣នេះ។

នៅក្នុងកម្មវិធីជំនួបដ៏ធំ ជាលើកទី១ នៃគ្រួសារលក្ស្មីនេះ ក៏មានការចូលរួមផ្តល់ជាកិត្តិយសដោយផ្ទាល់ពី ឧកញ្ញ៉ា លឹម សុជាតិ ជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន លក្ស្មី ប្រាយម៍ អ៊ិនវេសមេន ព្រមទាំងមានការចូលរួមពី តំណាងម្ចាស់ភាគទុនិក ថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុនទាំងអស់ សរុបប្រមាណ ៨០០ នាក់ ដើម្បីប្រារព្ធព្រឹត្តិការណ៍ជាទសវត្សន៍ដំបូងនៃ ខួប១០ឆ្នាំ ក្រុមហ៊ុន លក្ស្មី ប្រាយម៍ អ៊ិនវេសមេន។

ក្រុមហ៊ុន លក្ស្មី ប្រាយម៍ អ៊ិនវេសមេន របស់ឧកញ៉ា លឹម សុជាតិ ត្រូវបានបង្កើតឡើង ក្រោមកិច្ចសហការជាមួយនឹងអ្នកវិនិយោគទុនជប៉ុន កាលឆ្នាំ២០១២។ មកទល់បច្ចុប្បន្ន ក្រុមហ៊ុនមេមួយនេះ មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដល់ទៅ ១៨ក្រុមហ៊ុន ក្នុងនោះមានដូចជា មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៣ ក្រុមហ៊ុនវិនិយោគ អភិវឌ្ឍន៍អចលនទ្រព្យ ជាពិសេសការអភិវឌ្ឍជាខុនដូ នៅរាជធានីភ្នំពេញ ក្រុមហ៊ុនចែកចាយនិងបង់រំលស់ម៉ូតូ និងក្រុមហ៊ុនប្រភេទអាជីវកម្មលក់ទំនិញអនឡាញ (E-Commerce) ផងដែរ។
សូមជម្រាបជូនថា ឧកញ៉ា លឹម សុជាតិ ជាប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន លក្ស្មី ប្រាយម៍ អ៊ិនវេសមេន, ប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ អ្នកជំនួញវ័យក្មេងរូបនេះ បានទទួលគោរមងារ «ឧកញ៉ា» នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២៕


