បន្ទាយមានជ័យ ៖ ផ្លូវ១ខ្សែរប្រវែង២២គីឡូម៉ែត្រជាសសៃឈាម តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តបាត់ដំបង ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន បច្ចឹមស្ទៀល ។ ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោក ខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ លោក ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង លោកឧកញ៉ា ឡេង ណាវ៉ាត្រា នឹង ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនជាច្រើនរូបទៀត ។
បន្ទាប់ពីរបាយការណ៍សង្ខេបរបស់អភិបាលស្រុកម៉ាឡៃ ស្តីពីស្ថានភាព និងការអភិវឌ្ឍរបស់ស្រុករួចមកឯកឧត្តមឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន តំណាងក្រុមហ៊ុន បច្ចឹមស្ទៀល បានមានប្រសាសន៍ថា ផ្លូវ១ខ្សែរ ដែលកំពុងបើកការដ្ឋានសាងសង់នាពេលនេះ មានប្រវែង២២គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ តភ្ជាប់ពីភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទៅចំណុចបន្ទាយសាម ភូមិត្រាវជូ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណាយអស់ថវិកាជាង៤លានដុល្លារអាមេរិក ។
ឆ្លៀតក្នុងឱកាសនេះដែរលោក បានមានប្រសាសន៍ សូមអភ័យទោស ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារការអភិវឌ្ឍរបស់ក្រុមហ៊ុន តែការអភិវឌ្ឍនេះ គឺ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានផ្លូវប្រើប្រាស់ងាយស្រួល ហើយក្រៅពីផ្លូវទំហំ៣០ម៉ែត្រខាងលើ នៅមានប្រភេទផ្លូវ២០ម៉ែត្រជាច្រើនទៀត ដែលក្រុមហ៊ុនគ្រោងនឹងអភិវឌ្ឍបម្រាប់បងប្អូនប្រើប្រាស់ ជាបន្តបន្ទាប់ទៀត ។
ក្នុងពិធីនេះលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា នេះជាមោទនភាពមួយ របស់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង យើងដែលទទួលបាន ការអភិវឌ្ឍផ្លូវថ្មីមួយខ្សែរនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ធ្វើដំណើរតាមតម្រូវការរៀងៗខ្លួន និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន បច្ចឹមស្ទៀល ដែលបានរួមចំណែកក្នុងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រទេសជាតិកម្ពុជា ។ ជាមួយគ្នា លោកក៏បាន ផ្តាំផ្ញើដល់អាជ្ញាធរ និងក្រុមការងារ បន្តជួយដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក និងរងគ្រោះដោយឥទ្ធិពលនៃជំងឺកូវីត-១៩ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីត-១៩នេះ និង សូមបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាអនាម័យជាប្រចាំ ដោយសម្អាងដៃជាមួយទឹកអាល់កុល ជែលអាល់កុល ឬសាប៊ូ និងត្រូវពាក់ម៉ាស់រាល់ពេលចេញក្រៅផ្ទះ ជាពិសេសរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ ជំងឺកូវីត-១៩ ។
ឆ្លើយតបនឹងការបើកការដ្ឋានសាងសង់ផ្លូវខាងលើប្រជាពលរដ្ឋ បានសាទរ និងសម្តែងក្តីសោមនស្សរីករាយក្រៃលែង ដែលក្រុមហ៊ុនបានគិតគូរ ដល់ប្រជាពលរដ្ឋ ហើយផ្លូវមួយខ្សែរនេះពិតជា បានបម្រើផលប្រយោជន៍ដល់ពួកគាត់ច្រើនណាស់ ទាំងការធ្វើដំណើរ និងដឹកកសិផលរបស់ពួកគាត់ ៕