រដ្ឋបាលក្រុងអរិយក្សត្រ បានសម្រេចយកទីតាំង បុរី វីទ្បា ទួលសង្កែ អរិយក្សត្រ របស់ ឧញ៉ា គង់ ប៊ុនហាវ ធ្វើជា «សាលាក្រុងអរិយក្សត្រ» បណ្តោះអាសន្ន ខណៈដែលក្រុងទើបបង្កើតថ្មីមួយនេះ ពុំទាន់មានអគាររដ្ឋបាលនៅឡើយ និងដើម្បីងាយស្រួលផ្តល់សេវាជូនប្រជាពលរដ្ឋ។
កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រុមការងាររដ្ឋបាលក្រុងអរិយក្សត្រ បានរៀបចំបំពាក់ផ្លាកសាលាក្រុងអរិយក្សត្រ នៅបុរី វីទ្បាទួលសង្កែ គម្រោងអរិយក្សត្រ(The Sanctuary City) ស្ថិតនៅភូមិបារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ បុរី វីទ្បាទួលសង្កែ ជាទីតាំងមួយល្អ ដែលនៅកៀកជិតរាជធានីភ្នំពេញ ត្រឹមតែ ៣គីឡូម៉ែត្រប៉ុណ្ណោះ ពីទីក្រុងកោះពេជ្រ ហើយជាទីតាំងមួយ ប្រជាពលរដ្ឋនៅតំបន់អរិយក្សត្រតែងឆ្លងកាត់ញឹកញាប់ជាប្រចាំផងដែរ។ ដូច្នេះការជ្រើសរើសទីតាំងនេះ ធ្វើជា «សាលាក្រុងអរិយក្សត្រ» នឹងមានភាពងាយស្រួលទាំងអ្នកផ្តល់សេវា និងអ្នកទទួលសេវារដ្ឋបាលផ្សេងៗ។
គួររំឭកថា កាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ បង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ដោយកាត់ឃុំចំនួន ០៦ ពីស្រុកខ្សាច់កណ្តាល គឺឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ និងឃុំចំនួន ០៥ ពីស្រុកល្វាឯម គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង ដែលធ្វើឱ្យក្រុងអរិយក្សត្រ មានសង្កាត់សរុបចំនួន ១១។
ទទឹមនឹងនេះ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានចេញអនុក្រឹត្យតែងតាំងលោក ចាន់ តារា អតីតអភិបាលរងស្រុកខ្សាច់កណ្តាល ជាអភិបាលក្រុងអរិយក្សត្រ ខណៈដែលការបោះឆ្នោតលើកទី១ ក្នុងការជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ត្រូវបានធ្វើឡើង កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣៕
សូមទស្សនាវីដេអូខាងក្រោម៖