សមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (The Council for the Development of Cambodia) ហៅកាត់ថា «CDC» បានឯកភាពធ្វើការរួមគ្នាលើការជំរុញលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា តាមរយៈផែនការសកម្មភាពមួយចំនួន ហើយនឹងត្រៀមចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាមួយ ដើម្បីជាផែនទីបង្ហាញផ្លូវ សម្រាប់ការអនុវត្ត។
ការឯកភាពប្តេជ្ញាចិត្តនឹងធ្វើការរួមគ្នារវាងស្ថាប័នទាំងពីរនេះ បានលេចចេញជារូបរាង្គឡើង បន្ទាប់ពីអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលចំនួន ១៩រូប ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងពិភាក្សាលើភាពជាដៃគូ រវាងស្ថាប័នទាំងពីរ នៅវិមានសន្តិភាព កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។
ក្នុងជំនួបកិច្ចប្រជុំពិភាក្សានោះដែរ លោករដ្ឋមន្ត្រីប្រតិភូ បានចាប់ផ្តើមដោយការស្វាគមន៍ដល់ អ្នកឧកញ៉ាប្រធាន និងសមាជិកទាំងអស់ ដែលមានវត្តមាន និងបានជម្រាបជូនដោយសង្ខេបអំពីប្រវត្តិនៃការកកើត រចនាសម្ព័ន្ធ និងតួនាទីរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោករដ្ឋមន្ត្រីប្រតិភូ ក៏បានបញ្ជាក់បន្ថែមថា សមាគមឧកញ៉ាកម្ពុជា មានតួនាទីអមរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម ជំរុញការវិនិយោគ ក្នុងគោលបំណងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដោយមិនដើរតួនាទីចរចាទេ។
អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាននិងតាំងនាមឱ្យសមាគមឧកញ៉ាកម្ពុជា បានសម្តែងនូវការគោរព និងសូមថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ត្រីប្រតិភូ និងសហការី ដែលបានអនុញ្ញាតឱ្យមានការរៀបចំកិច្ចប្រជុំមួយនេះឡើង និងបានលើកឡើងនូវគោលគំនិតមួយចំនួន ដើម្បីពិភាក្សា។
ជាលទ្ធផល ស្ថាប័នទាំងពីរ បានឯកភាពធ្វើការរួមគ្នា លើការជំរុញលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា តាមរយៈផែនការសកម្មភាពមួយចំនួន ហើយនឹងត្រៀមចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាមួយ ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្ត។ ស្ថាប័នទាំងពីរ ក៏បានឯកភាពគ្នាបង្កើតក្រុមការងារបច្ចេកទេស ដើម្បីធ្វើការពិភាក្សាការងារលម្អិត ក្នុងកម្រិតបច្ចេកទេស និងការទទួលខុសត្រូវ ក្នុងការអនុវត្តកិច្ចសហការនាថ្ងៃខាងមុខផងដែរ។
សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់គុណតម្លៃ នៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បីជាមូលដ្ឋានក្នុងការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្ដ្រចតុកោណ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើនរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន។ សមាគមឧកញ៉ាកម្ពុជា បច្ចុប្បន្នមានអគ្គនាយកក្រុមហ៊ុន LYP Group អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន និងមានសមាសភាពក្រុមប្រឹក្សាភិបាលសរុបចំនួន ៣២រូប។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការពិនិត្យ និងសម្រេចការងារនីតិសម្បទាអភិវឌ្ឍន៍ និងការវិនិយោគលើវិស័យឯកជន និងសាធារណៈ។ បេសកកម្មរបស់ CDC គឺដើម្បីលើកកម្ពស់ និងសម្រួលដល់ការវិនិយោគបរទេស និងក្នុងស្រុក ដើម្បីសម្រេចបាននូវវិស័យឯកជន ដែលមានស្ថិរភាព និងភាពរឹងមាំ ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា៕