គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចយល់ព្រមចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO., LTD ធ្វើការវិនិយោគអភិវឌ្ឍន៍ «កោះមួយ» តម្លៃប្រមាណ ៧.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៤៩កន្លែង។
បើតាមក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា ពេលថ្មីៗនេះ ចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ «កោះមួយ» ដែលមានទីតាំងស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានចំណាយប្រមាណ ៥០ គីឡូម៉ែត្រពីក្រុងព្រះសីហនុ និងចម្ងាយប្រមាណ ៤៧ គីឡូម៉ែត្រពីកោះពួឡូវៃ។ គម្រោងតម្លៃប្រមាណ ៧.៧លានដុល្លារអាមេរិកនេះ ត្រូវបានគេស្គាល់ថា ជាគម្រោងថ្មីមួយបន្ថែមទៀតរបស់ពាណិជ្ជករកំពុងរះនៅទិសនារតី ឧកញ៉ា ទៀ វិចិត្រ ដែលជាអ្នករកស៊ីដ៏មានឥទ្ធិពលចាក់គ្រឹះយ៉ាងរឹងមាំក្នុងខេត្តព្រះសីហនុ។
ឧកញ៉ា ទៀ វិចិត្រ ជាអ្នករកស៊ីនៅទិសនារតីដ៏ល្បីល្បាញច្រើនឆ្នាំមកហើយលើវិស័យ ទេសចរណ៍ បដិណ្ឋារកិច្ច ភេសជ្ជៈ ប្រេងឥន្ទនៈ និងអចលនទ្រព្យ ស្ថិតនៅក្នុងខេត្តព្រះសីហនុ។ លោកជាកូនបង្កើតលោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងបងប្រុសឈ្មោះ ទៀ សុខា មេបញ្ជាការរងយោធាជើងទឹក ជាក្មួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
ឧកញ៉ា ទៀ វិចិត្រ ជាអគ្គនាយកក្រុមហ៊ុនទូកល្បឿនលឿន GTVC Speedboat Cambodia ដែលមុខរបរនេះមានភាពល្បីល្បាញ និងរបរដែលបានធ្វើឲ្យមហាជនស្គាល់លោកតាមរយៈការបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ អ្នករងគ្រោះផ្សេងៗនៅតាមកោះ ភ្ញៀវទេសចរ និងអ្នកនេសាទជាដើម។
ខាងក្រោមនេះត្រួសៗពីតួនាទីការងារមួយចំនួនរបស់ឧកញ៉ា ទៀ វិចិត្រ៖
- ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ
- អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ
- ប្រធានសាខា គណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ចំណុះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដ
- សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ
- ប្រធានក្រុមមនុស្សធម៌អូរបី (O3)