អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប (Sokimex Investment Group) ជាសេដ្ឋីមួយរូបនៅកម្ពុជា កំពុងវិនិយោគលើមុខជំនួញពហុវិស័យ។ ចាប់តាំងពីឆ្នាំ១៩៩០ មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៧ ដែលរួមមានដូចខាងក្រោម៖

១. ស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច (បង្កើតឡើងតាំងពីដើមឆ្នាំ១៩៩០)

២. សុខា អូតែល & រីសត ៖ សណ្ឋាគារលំដាប់ផ្កាយ៥ បង្កើតឡើងដោយអ្នកឧកញ៉ា សុខ គង់ កាលឆ្នាំ២០០៤ ហើយមកទល់បច្ចុប្បន្ន សុខា អូតែល & រីសត មាន៧កន្លែង នៅក្នុងរាជធានី ខេត្តចំនួន ៤ គឺនៅរាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ និងកំពត។

៣. Sokha Real Estate ៖ សុខា អចលនទ្រព្យ បង្កើតឡើងឆ្នាំ២០១៩ និងបច្ចុប្បន្នមានជាច្រើនគម្រោងនៅលើភ្នំបូកគោ ដូចជា បុរី អម្រិត ឋានសួគ៌, បុរី មរកត ឋានសួគ៌, ក្រោន អ៊ីស្តេត និងបុរី មោស ស៊ីវីយូ បូកគោ។

៤. បូកគោ កសិដ្ឋានបន្លែសរីរាង្គ (Bokor Hydroponics Farm)៖ អ្នកឧកញ៉ា សុខ គង់ បានបោះទុនវិនិយោគ ៥លានដុល្លារ លើការដាំបន្លែធម្មជាតិលើភ្នំបូកគោ តាំងពីឆ្នាំ២០១២ លើទំហំផ្ទៃដីប្រមាណ ១២ហិកតា។

៥. Cafe Sokha៖ ហាងកាហ្វេ សុខា មានលក់កាហ្វេ ភេសជ្ជៈ និងអាហារសម្រន់ជាច្រើនមុខ ព្រមទាំងមានទីកន្លែងផាសុកភាព សម្រាប់ការអង្គុយអាន សិក្សា ស្រាវជ្រាវ ពិភាក្សា ឬការជួបជុំពិភាក្សាក្រុម។

៦. ទឹកពិសាគុណភាពខ្ពស់ ឋានសួគ៌បូកគោ៖ អ្នកឧកញ៉ា សុខ គង់ បានបោះទុនប្រមាណ ២លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតទឹកសុទ្ធ “ឋានសួគ៌បូកគោ” តាំងពីឆ្នាំ ២០១៧ សម្រាប់ផលិតទឹកពិសាបរិសុទ្ធ “ឋានសួគ៌បូកគោ” ដោយប្រើបច្ចេកវិទ្យាទំនើបផលិតចេញពីទឹកភ្លៀងធម្មជាតិនៅលើភ្នំបូកគោតែម្តង និងមិនមានសារធាតុគីមី។

៧. Sokha Vegas Casino៖ កាស៊ីណូ មានទីតាំងនៅឆ្នេរសុខា រីសត ខេត្តព្រះសីហនុ។

សូមជម្រាបជូនថា អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ត្រូវបានគេកត់សម្គាល់ឃើញថា ជាកំពូលអ្នកជំនួញឆ្នើមជើងចាស់មួយរូបនៅកម្ពុជា ខណៈដែលដំណើរជីវិតរបស់លោកចាប់ផ្តើមស្ទើរតែពីបាតដៃទទេ រហូតដល់ក្លាយជាសេដ្ឋីលើមុខជំនួញពហុវិស័យ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា ក៏បានចែករំលែកបទពិសោធន៍ល្អៗផ្ទាល់ខ្លួន តាមរយៈការសម្ពោធសៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» ដើម្បីអាចក្លាយជាត្រីវិស័យសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ពិសេសជាប្រយោជន៍ដល់យុវជន ក្នុងការក្រេបជញ្ជក់យកចំណេះដឹងសម្រាប់ការរស់នៅ និងការប្រកបមុខរបរក្នុងពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ៕

