លោកជំទាវ គឹម ឡេង ភរិយារបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ នាព្រលប់ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣នេះ។

លោកជំទាវ គឹម ឡេង ជាឧត្តមភរិយាដ៏ល្អរបស់អ្នកឧកញ៉ា សុខ គង់ ដែលតែងតែជួយជ្រោមជ្រែងផ្តល់កម្លាំងចិត្តដល់ស្វាមី ដែលចាប់ពីឆ្នាំ១៩៩០ មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប របស់អ្នកឧកញ៉ាទាំងពីរ មានក្រុមហ៊ុនបុត្រសម្ព័ន្ធដល់ទៅ ៧ ដូចជា៖ ស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច, សុខា អូតែល & រីសត, សុខា អចលនទ្រព្យ, បូកគោ កសិដ្ឋានបន្លែសរីរាង្គ, ហាងកាហ្វេ សុខា, ទឹកពិសាគុណភាពខ្ពស់ ឋានសួគ៌បូកគោ និងកាស៊ីណូ Sokha Vegas នៅខេត្តព្រះសីហនុ ផងដែរ។ រីឯចំណងអាពាហ៍ពិពាហ៍របស់អ្នកឧកញ៉ាទាំងពីរ មានបុត្រាបុត្រីចំនួន ៦នាក់ ក្នុងនោះស្រី៣នាក់៕



