នៅសល់ត្រឹមតែ ១៥ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉េហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចូលមកដល់ ខណៈដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា រង់ចាំអស់រយៈពេលជាង ៦០ឆ្នាំមកហើយ ទើបមានឱកាសធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ។

ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះដែរ រហូតមកទល់ពេលនេះ គេឃើញមានក្រុមហ៊ុនរបស់អ្នកឧកញ៉ា ២រូប បានចុះកិច្ចព្រមព្រៀងជាដៃគូឧបត្ថម្ភផ្តាច់មុខ ផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉េហ្គេមលើកទី១២ ដែលក្នុងនោះមានដូចខាងក្រោម៖
១. ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្លាយជាម្ចាស់ឧបត្ថម្ភធំផ្លូវការ សម្រាប់ស្រាបៀរ និងភេសជ្ជៈក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ចាប់ពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណ:កម្មាធិការជាតិ រៀបចំស៊ីហ្គេម ២០២៣ បានមានប្រសាសន៍ថា ការចូលរួមរបស់វិស័យឯកជន ជាពិសេសក្រុមហ៊ុនក្នុងស្រុកដូចជាក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជា មានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់គុណតម្លៃរបស់ស៊ីហ្គេមរបស់កម្ពុជា ហើយលោកពិតជាមានមោទនភាពណាស់ ដែលព្រឹត្តការណ៍ស៊ីហ្គេមនៅកម្ពុជា មានការចូលរួមពីភេសជ្ជៈកីឡាដំបូងបំផុតរបស់កម្ពុជា V-Active ដែលជាផលិតផលគុណភាពខ្ពស់ប្រកួតប្រជែងទីផ្សារអន្តរជាតិ ហើយនេះជាគោលបំណងរួមរបស់យើង ក្នុងការលើកស្ទួយទាំងវិស័យសេដ្ឋកិច្ច តាមរយៈការផ្សព្វផ្សាយផលិតផលរបស់កម្ពុជាទៅបរទេស រួមទាំងវិស័យជាច្រើនទៀត ដូចជា ទេសចរ និងវប្បធម៌ជាដើម។


២. ក្រុមហ៊ុនសែលកាត (Cellcard) របស់អ្នកឧកញ៉ា គិត ម៉េង

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) និងក្រុមហ៊ុនសែលកាត (Cellcard) របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងភាពជាដៃគូចលនូបត្ថម្ភផ្ដាច់មុខ លើទូរគមនាគមន៍ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នាថ្ងៃទី១៤ ខែមីនា ក្រោមវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) និងនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins។
លោកអគ្គលេខាធិការ CAMSOC បានរំពឹងថា នេះគឺជាការចំណេញក្នុងការជួយទៅដល់ការផ្សព្វផ្សាយកម្ពុជាផងដែរ ដោយប្រតិភូ ក៏ដូចជាអត្តពលិក ដែលចូលរួមនឹងប្រើប្រាស់មធ្យោយបាយនេះ ជាមួយនឹងការបង្ហោះសកម្មភាពរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងភាពជាដៃគូឧបត្ថម្ភធំផ្លូវការរបស់ក្រុមជម្រើសជាតិកម្ពុជា រយៈពេល ៣ឆ្នាំជាប់គ្នា ចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៦។ មានប្រសាសន៍ ក្នុងកម្មវិធី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ពន្យល់ថា ក្នុងនាមជាក្រុមហ៊ុនរបស់ខ្មែរ និងមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ អ្នកឧកញ៉ា ពិតជាមានកិត្តិយស និងមោទនភាព ដែលបានក្លាយជាដៃគូឧបត្ថម្ភផ្លូវការ ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងរយៈពេលវែង និងជាម្ចាស់ឧបត្ថម្ភធំផ្លូវការ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕