អ្នកឧកញ៉ា គួច ម៉េងលី៖ គួរបន្ធូរឱ្យសិស្សជាប់បាក់ឌុបបានច្រើន កុំឱ្យក្មេងមានជំងឺផ្លូវចិត្ត

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន យល់ឃើញ​ថា ​រាជរដ្ឋាភិបាល​កម្ពុជា ឬ​ក្រសួងអប់រំ យុវជន និង​កីឡា គួរ​កែ​ប្រែ​គោលនយោបាយ​អប់រំ ដោយ​បន្ធូរបន្ថយ​លើ​ការ​ប្រឡង​សញ្ញាបត្រ​ធម្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) ​​ដើម្បី​បាន​បរិមាណ​សិស្ស​ជាប់​​ច្រើន ​​ព្រម​ទាំង​បាន​ទាំង​គុណភាព​ ធនធានមនុស្សច្រើន ទៅ​ថ្ងៃ​អនាគត និង​ជាពិសេស​កុំឱ្យ​ក្មេងៗ​បាក់ទឹកចិត្ត ឬ​អាច​​រហូត​ដល់​មាន​ជំងឺ​ផ្លូវ​ចិត្ត ព្រោះតែសម្ពាធសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបទសម្ភាសន៍​ជាមួយ​ ឧកញ៉ា ញូស៍ ​​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នកឧកញ៉ា ​​បាន​លើក​ឡើង​ថា គោល​នយោបាយកម្ពុជាយើង ក្នុងនាមលោក​ជាអ្នកអប់រំ លោក​គិតថាកំពុងដើរ​មិន​ទាន់​ត្រូវ​ប៉ុន្មាន​នោះ​ទេ​ គួរតែឱ្យ​ក្មេងៗចូល​រៀន​សាកលវិទ្យាល័យ​​ទាំង​អស់ ឬ​យ៉ាង​ហោច​ណាស់ អាច​ចប់​ថ្នាក់ទី៩ ឬចប់​ថ្នាក់ទី១២ ដើម្បី​ថ្ងៃ​ក្រោយ​អាច​មាន​ឱកាស​​​ចេញ​ធ្វើការ ​​ហើយ​អាច​រៀន​បន្ត​បាន ឬដើម្បី​បន្ត​ឡើង​តំណែង និង​ចាប់​ឱកាស​ជា​បន្តបន្ទាប់ ព្រោះ​មាន​កូនសោរ​មួយ​រួច​ហើយ ដែល​បាន​ចប់​បាក់ឌុប។

អ្នកឧកញ៉ា បាន​បន្ត​​យ៉ាង​ដូច្នេះ​ថា៖ “បើ​សិស្សានុសិស្ស ឬ​ក្មេងៗ​ធ្លាក់​បាក់ឌុប ៤០% ​​ហើយ​ថ្ងៃ​ក្រោយ​ចង់​ទៅ​ធ្វើអ្វី ឬ​សិក្សា​បរិញ្ញាបត្រ​បន្ត​ក៏​មិន​កើត ហើយ​បើ​ចង់​រៀន​ជំនាញ​ ក៏​គេ​ត្រូវការ​យ៉ាង​តិច​ថ្នាក់ទី៩ ឡើង​លើ ដូច្នេះ​វា​ធ្វើ​ឱ្យ​ផ្លូវ​ដើរ​របស់ពួកគេ​ជួប​ការ​លំបាក។ លើលោកនេះ កម្រ​មាន​ប្រទេស​ណា​ធ្វើ​បែបនេះ​ណាស់ ព្រោះ​គេ​មិន​ដែល​បង្រៀន​កូន​​រយៈពេល ១២​ឆ្នាំ ឬអ្នក​ខ្លះ ១៥ឆ្នាំ តាំង​ពី​កើត ចូល​ថ្នាក់​ក្រោម​មតេយ្យ ថ្នាក់មតេយ្យ ចូល​​ថ្នាក់​ទី​១ រហូត​ដល់​ថ្នាក់ទី១២ ស្រាប់​តែ​ចុង​ក្រោយ​យក​ពេល​១​ថ្ងៃ​មក​​​កាត់​ក្តី​គ្នា​ ឈឺ​ក៏​ធ្លាក់ ចៃដន្យ​រឿង​អ្វី​មួយ​ក៏​ធ្លាក់ ថ្ងៃ​ប្រឡង​​​ដេក​មិន​លក់​មួយ​យប់​ទល់​ភ្លឺ​ក៏​ធ្លាក់។ យើង​យក​ពេល​គ្នា​មួយ​ជីវិត មក​កាត់​ក្តី​គ្នា​ត្រឹម​មួយ​ថ្ងៃ ​​ហាក់បី​ដូច​ជា​សាហាវ​ខ្លាំង​ពេក។ យើង​ពិចារណា​មើល កូនគេ​កូន​យើង ​បើ​ក្មេង​​នោះ​មិន​ឆ្កួត​ទេ ក៏​ក្លាយ​ជា​មនុស្ស​ប្រមឹក ឬ​រត់​ចោល​ស្រុក​ដែរ”។ ​

«តើ​ធនធានមនុស្ស​នៅ​ឯណា ​​បើ​ធ្លាក់​អស់ ៤០% ទៅ​ហើយ? តើ​ឱកាស​​​គ្នា​នៅ​ឯណា? គួរ​ឱ្យ​ឱកាស​ក្មេង​ទៅ បើ​រយៈពេល ១២​ឆ្នាំ ខំ​រៀន​ជិត​ស្លាប់​ជិត​រស់​ ចុង​ក្រោយ​ធ្លាក់​ ​​រងសម្ពាធ​គេ​ថា​ជា​មនុស្ស​ចោរម្សៀត អាធ្លាក់ អាល្ងង់ ហើយ​ប្រទេស​យើង​ ប្រជាជន​យើង​ រស់នៅ​ក្នុង​សង្គម​ចូល​ចិត្ត​មុខមាត់»។

«ក្រសួងអប់រំ ត្រូវតែគិត​ឡើង​វិញ បើ​ចង់​ឱ្យ​មាន​ធនធាន​មនុស្ស​ធ្វើការ​ច្រើន បើ​ចង់​ឱ្យ​មាន​សាកលវិទ្យាល័យ​រឹងមាំ បើ​ចង់​ឱ្យ​មាន​អ្នកជំនាញ បើ​ចង់​ឱ្យ​មាន​បញ្ញាវ័ន្តភាព បើ​ចង់​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង បើ​ចង់​ឈ្នះ​ការ​ប្រកួត​ក្នុង​តំបន់។ ទាល់​​មាន​ចំនួន​សិស្ស​បរិមាណ​ច្រើន ទើប​ធ្វើ​ឱ្យ​សាកលវិទ្យាល័យ​ មាន​ភាព​ប្រកួត​ប្រជែង។ ឧទាហរណ៍ បើ​សាលា​អ្នក​ឯង​គ្មាន​កម្មវិធី​ល្អ ខ្ញុំ​ចូល​សាលា​ផ្សេងបាន ដូច្នេះ​មិន​ចាំបាច់​គៀប​ទេ សាកលវិទ្យាល័យ​នីមួយៗ​នឹង​ពង្រឹង​គុណភាព​ខ្លួន​ឯង។ នៅ​ពេលសាកលវិទ្យាល័យ​ទាមទារ​គុណភាព​កាន់​តែ​ខ្ពស់​ឡើង សាលា​នៅ​ក្រោម​ក៏​ចាប់​ផ្តើម​ពង្រឹង​គុណភាព​ឡើង​ដូច​គ្នា ដើម្បី​ចង់​បាន​សិស្ស​ពួកគេ​​អាច​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ល្អៗ។ ដូច្នេះ​សាលា​​ពង្រឹង​គុណភាព សាកលវិទ្យាល័យ​ពង្រឹក​គុណភាព សិស្ស​និស្សិត​ក៏​ត្រូវ​តែ​ខំ អ្នកចេះ​ក៏​ច្រើន អ្នកជំនាញ​ក៏​ច្រើន សាស្ត្រាចារ្យ​ជំនាន់​ក្រោយៗ​ក៏​ច្រើន អ្នកនិពន្ធក៏​ច្រើន បញ្ញាវ័ន្ត​ក៏​ច្រើន»។ អ្នកឧកញ៉ា បាន​បន្ថែម។

អ្នកឧកញ៉ា បន្ត​ទៀត​ថា បើ​ចង់​កុំ​ឱ្យ​ប្រជាជន​យើង​គេ​មើលងាយ ថា​​ប្រទេស​យើង​គ្មាន​ធនធាន​មនុស្ស ទាល់​តែ​យើង​កែ​ប្រព័ន្ធ​អប់រំ​ ហើយ​សួរ​​ថា​ខាត​អ្វី? បើ​យើង​បោះចោល​ប្រជាជន​ ៤០% ហើយ​យក​តែ ៦០% មក​ប្រើ នោះ​​ទើប​ជា​ការ​ខាតបង់។ បើ​​យើង​យក​បរិមាណ ​​ដោយ​ចាប់​ផ្តើម​ពង្រឹង​ពី​ឥឡូវ​ទៅ​ដើម្បី​យក​គុណភាព ឬ​ក៏​​យើង​យក​គុណភាព​ពី​ឥឡូវ​ទៅ ដើម្បី​អត់​ទទួល​បាន​អ្វី​សោះ​តែ​ម្តង។ បើ​យើង​ចម្រាញ់​ពី​ឥឡូវ​ទៅ​ហើយ ទម្រាំ​ចុង​ក្រោយ​ គ្មាន​អ្វី​ចម្រាញ​ទៀត​ទេ ដូច្នេះ​យើង​គួរ​ប្រលែង​ទៅ​​​​​​​​ទាំង​អស់​ទៅ ហើយ​ចុង​ក្រោយ​​​​​បើ​នៅ​រស់​យ៉ាង​ហោច​ណាស់ ក៏​នៅ​សល់​បាន ៥០%​ដែរ ហើយ​ចុះ​បើ​ប្រលែង​​តែ ៥០% ចុង​ក្រោយ​សល់​ ២៥%។ តើ​ ៥០% និង ២៥% យើង​យក​មួយ​ណា?

អ្នកឧកញ៉ា គួច ម៉េងលី បាន​បន្ថែម​ថា នៅ​ស្រុក​គេ​ប្រទេស​ច្រើន​ណាស់ បើ​រៀន​ទៅ​មិន​ជាប់ គេ​ឱ្យ​ឱកាស​ប្រឡង​ទាល់​តែ​​ជាប់ ហើយ​មិន​ចាំបាច់​មួយ​ឆ្នាំ​ប្រឡង​ម្តង​ទេ។ ពេល​នៅ​រៀន​ថ្នាក់​វិទ្យាល័យ ថ្នាក់ទី១០ ឬ​ទី១១ គេ​ឱ្យ​ក្មេងៗ​ប្រឡង​បណ្តើរៗ​ហើយ ហើយ​ក្មេង​ណា​គិត​ថា​ខ្លួន​ឯង​ពូកែ អាច​ចុះ​ឈ្មោះ​ប្រឡង​បាក់ឌុប​​បាន ហើយ​បើ​ប្រឡង​ជាប់ ​ក្មេង​នោះ​សប្បាយ​ចិត្ត​ណាស់ គឺ​គេ​រៀន​បែប​សប្បាយ ហើយ​អ្នក​ខ្លះ​ជាប់​​បាក់ឌុប​តាំង​ពី​ថ្នាក់ទី១០។ គេ​មិន​ធ្វើ​ជា​កំហិត​ ដើម្បី​​​​ដាក់​ជា​សម្ពាធ​​​ដល់​អារម្មណ៍​ក្មេង​ទេ វប្បធម៌​គេ គេ​មិន​បណ្តុះ​ឱ្យ​ក្មេង​ភ័យ​ទេ គឺ​ត្រូវ​បណ្តុះ​បណ្តាល​ក្មេង​ឱ្យ​ក្លាហាន គេ​មិន​បណ្តុះ​ក្មេង​ឱ្យមាន​ការ​ព្រួយ​បារម្ភ ឬ​បេះដូង​ញាប់ញ័រ​ទេ វា​អាច​​នឹង​បាក់ទឹក​ចិត្ត​ក្មេង យើង​គួរ​បណ្តុះ​បណ្តាល​​ថា ​អ្វី​ក៏​យើង​អាច​ធ្វើ​បាន អ្វី​ក៏​អាច​ទៅ​រួច ឱ្យ​ក្មេង​​មាន​ភាព​អង់អាច កុំ​ឱ្យ​មាន​ភាព​តក់ស្លុត ភ័យ ឬបារម្ភ ដែល​​​អាច​ធ្វើ​ឱ្យ​មាន​​ជំងឺ​ផ្លូវ​ចិត្ត​​ទៅ​ថ្ងៃក្រោយ។

គួរកត់សម្គាល់​ថា ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ក្នុង​អាណត្តិ​លោក​រដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន បាន​ធ្វើ​កំណែ​ទម្រង់​នៃ​ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សា​​​ទុតិយភូមិ​យ៉ាង​ខ្លាំង ដោយ​ក្រសួង​បាន​ប្រកាស​​​​​​​រឹត​បន្តឹង​វិន័យ និង​បទ​ប្បញ្ញត្តិ​ក្នុង​ការ​ប្រឡង​ដល់​បេក្ខជន​ ដោយ​ផ្អែក​លើ​គោលការណ៍​គោរព​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​បាន​ ព្រម​ទាំង​មាន​ពាក្យ​ស្លោក​មួយ​ «អ្នកចេះ​គឺ​ជាប់»។

យោង​តាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ​​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២២ ​​បាន​ឱ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៥ ធ្នូ ២០២២ មាន​បេក្ខជន​ប្រឡង​ជាប់​សរុប ៩០៩៥០ នាក់ ស្មើ​នឹង ៧២.៣៣ % ខណៈ​ដែល​​កាល​ឆ្នាំ​ទី​១ ​នៃ​កំណែទម្រង់​ប្រឡង​លើក​ទី​១ ឆ្នាំ២០១៤​ បេក្ខជន​ជាប់​ជា​ស្ថាពរ​មាន​ចំនួន​តែ ២៥.៧២% និង​នៅ​ឆ្នាំទី២ ឆ្នាំ២០១៥ បេក្ខជន​ជាប់​ជា​ស្ថាពរ​មាន​ចំនួន​ ៥៥.៨៨%៕