មកដឹងប្រវត្តិសិក្សារបស់កូនស្រីឧកញ៉ា កែវ មុំ ដែលបច្ចុប្បន្នជា CEO ក្រុមហ៊ុន នំស្រួយលីលី

ជុំវិញ​ឧកញ៉ា

​កូនស្រី​ជា​ទីស្រឡាញ់​​​របស់​ឧកញ៉ា កែវ មុំ​ ​មាន​ឈ្មោះ​ថា​ «អ៊ឹង ឈីវលី» ហៅថា «លីលី​» ដែល​បច្ចុប្បន្ន​​ជា​​អគ្គនាយិកា​ (CEO) របស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី មាន​ប្រវត្តិសិក្សា​មិន​ធម្មតា​នោះ​ឡើយ ដោយ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​ ​​មក​ពី​សហរដ្ឋអាមេរិក និង​ចប់បរិញ្ញាបត្រជាន់ខ្ពស់ មក​ពី​ប្រទេស​អង់គ្លេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ​​បាន​បង្ហើប​ប្រាប់​ដល់ ឧកញ៉ា ញូស៍ ក្នុង​បទសម្ភាសន៍​​មួយ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​ថា ​​កូនស្រី លីលី របស់​លោកស្រី បាន​បញ្ចប់​ការសិក្សា​កម្រិត​មធ្យមសិក្សា​បឋមភូមិ (ឌីប្លូម) នៅ​ប្រទេស​កម្ពុជា និង​បាន​បន្ត​ការ​សិក្សា​នៅ​ប្រទេស​កាណាដា រហូត​ដល់​ចប់​ថ្នាក់ទី១២។ លោកស្រី បាន​បន្ត​ថា លីលី ​​បាន​​បន្ត​សិក្សា​​​ចប់​បរិញ្ញាបត្រ លើ​ជំនាញ​អាជីវកម្ម ពី​សហរដ្ឋអាមេរិក និង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ លើ​ជំនាញ​គ្រប់គ្រង​អាជីវកម្ម ពី​ប្រទេស​អង់គ្លេស។

លោកស្រី បាន​​បង្ហើប​ឱ្យ​ដឹង​បន្ថែម​ថា កញ្ញា លីលី ចេះ​៣​ភាសា​ គឺ​ភាសាខ្មែរ ភាសាអង់គ្លេស និង​ភាសាចិន យ៉ាង​ស្ទាត់​ជំនាញ ព្រម​ទាំង​ភាសា​មួយ​ចំនួន តិច​តួច​ទៀត។ អ្វី​ដែល​ធ្វើ​ឱ្យ​លោកស្រី មាន​មោទនភាព​លើ​កូនស្រី លីលី គឺដោយសារ​ លីលី​ ជា​មនុស្ស​ម្នាក់​រៀន​ឆ្លាត ឆាប់​ចាប់​បាន​លឿន និង​អាច​វិភាគ​លើ​អ្វី​បាន​ស៊ី​ជម្រៅ​ខ្លាំង ដូចជា​ការ​មើល​អត្តចរិកមនុស្ស​ជា​ដើម។ លោកស្រី បន្ថែម​ថា កញ្ញា លីលី ក៏​ពូកែ​ខាង​ចិត្ត​វិទ្យា​ដែរ ដូច្នេះ​បុគ្គលិក​​ថ្នាក់​ក្រោម តែងតែ​គោរព​ស្រឡាញ់​កញ្ញា។

គួរ​រំឭក​ថា ​​ក្នុង​ឱកាស​ខួប​កំណើត​កញ្ញា លីលី ​​កាលពី​ខែ​សីហា ឆ្នាំ២០២២ ឧកញ៉ា កែវ មុំ បាន​ឱ្យ​ដឹង​ថា កូនស្រី​ទី​២ របស់​លោកស្រី​រូប​នេះ បាន​ឡើង​កាន់​តំណែង​ជា​​អគ្គនាយិកា​ក្រុមហ៊ុន (CEO) ​​រយៈពេល ២​ឆ្នាំ​មក​ហើយ គិត​ចាប់​តាំងពី​ខែ​ឧសភា ឆ្នាំ២០២០។ ​លោកស្រី​មាន​កូន​៣​​​នាក់ ក្នុង​នោះ​​​​ប្រុស​២​នាក់ និង​ស្រី​១​នាក់ ខណៈ​ដែល​កូនប្រុស​ទាំង​ពីរ​ ក៏​​កំពុង​តែ​មាន​​មុខ​ជំនួញ​ក្នុង​ដៃរៀងៗខ្លួន។

ឧកញ៉ា កែវ មុំ ​បាន​បញ្ជាក់​ឱ្យ​ដឹង​ផង​ដែរ​ថា មូលហេតុ​ដាក់​ឈ្មោះ​ថា ក្រុមហ៊ុន នំស្រួយលីលី គឺ​ដំបូង​ឡើយ​លោកស្រី​បាន​រក​នឹក​ថា តើ​គួរ​ដាក់​ឈ្មោះ​អ្វី​ ឱ្យ​មាន​ការ​ទាក់ទាញ និង​ធ្វើ​ឱ្យ​គេ​ឆាប់ចាំ ​​ហើយ​ចុង​ក្រោយ​លោកស្រី ក៏​សម្រេច​​ដាក់​ឈ្មោះ​កូនស្រី​តែ​ម្តង​គឺ​ឈ្មោះ លីលី ដើម្បី​ងាយស្រួល​ហៅ ហើយ​ភាសាចិន ក៏​មាន​អត្ថន័យ​ល្អ​ ចម្រុងចម្រើន ឬ​រីកចម្រើន​​ទៀត​ផង។

គួរបញ្ជាក់​ថា ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី ដែលមានរោងចក្រ​ ស្ថិត​នៅ​ភូមិ​ក្បាលដំរី សង្កាត់កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​​បាន​ចាប់​ផ្តើម​ដំណើរការ​ ចាប់ពី​ខែ​ឧសភា ឆ្នាំ​២០១២។ ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី មិន​ត្រឹម​ជា​សហគ្រាស​ផលិត​​ ដើម្បី​ផ្គត់​ផ្គង់​​ ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​ក្លាយ​ជា​ក្រុមហ៊ុន​ខ្មែរ​ដំបូង​គេ ដែល​​មាន​សមត្ថភាព​ លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការ​ផលិត​ ជា​ផលិតផល​សម្រេច​ចំណី​អាហារ នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អ៊ីតាលី មីយ៉ាន់ម៉ា វៀតណាម ចិន ម៉ាឡេស៊ី និង​ប្រទេស​កូរ៉េខាងត្បូង ​ផង​ដែរ៕