ឧកញ៉ា អ៊ឹង ឃាង អគ្គនាយក អ៊ឹង ឃាង គ្រុប ឯ.ក និងជាសមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្រៅពីជាម្ចាស់បុរី គម្រោងរីសត និងដីឡូត៍ នៅតាមបណ្តាខេត្តមួយចំនួន លោកក៏មានសណ្ឋាគារលំដាប់ផ្កាយ៤ មួយកន្លែងនៅខេត្តព្រះវិហារ និងនៅជិតប្រាសាទព្រះវិហារ។

សណ្ឋាគាររបស់ ឧកញ៉ា អ៊ឹង ឃាង មានឈ្មោះថា សណ្ឋាគារ ព្រះវិហារជ័យ ដែលមានទេសភាពស្អាត ផាសុកភាព អាចគយគន់ ភ្នំប្រាសាទព្រះវិហារពីសណ្ឋាគារបាន។ សណ្ឋាគារនេះ មានទីតាំងស្ថិតនៅ ភូមិស្រអែម ឃុំស្រអែមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចម្ងាយប្រហែលប្រមាណជាង ២០គីឡូម៉ែត្រប៉ុណ្ណោះ ពីជើងភ្នំឡើងទៅកាន់ប្រាសាទព្រះវិហារ។
សណ្ឋាគារព្រះវិហារជ័យ បានបើកដំណើរការ កាលឆ្នាំ២០១៤ មានចំនួនជាង ៤០បន្ទប់ មានភោជនីយដ្ឋាន អាងហែលទឹក និងបារមួយកន្លែងផងដែរ ព្រមទាំងមានបន្ទប់ជាច្រើនជម្រើស តម្លៃមួយយប់ចាប់ពី ២០ដុល្លារឡើងទៅ។
សូមជម្រាបជូនថា ឧកញ៉ា អ៊ឹង ឃាង ក៏ជាម្ចាស់បុរី ឃាង កលិកា ស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប, ម្ចាស់បុរី អ៊ឹង ឃាង សៀមរាប ដែលវិនិយោគលើទំហំផ្ទៃដី ៣៤ហិចតា នៅទល់មុខច្រកចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី និងគម្រោងរីសតនិងដីឡូត៌ ទេពី វ័ន (TEPY ONE) ជាប់គល់ស្ពានស្រែអំបិល ១២គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ផងដែរ៕





