កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើដំណើរឆ្លងកាត់ខេត្តត្បូងឃ្មុំ និងបានឆ្លៀតពេលចូលសួរសុខទុក្ខលោកឧកញ៉ា គុយ សួ នៅក្រុងសួង ខណៈដែលពេលនេះអ្នកជំនួញជើងចាស់រូបនេះ កំពុងមានបញ្ហាសុខភាព។
លោក គួច ចំរើន បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីល្ងាចថ្ងៃអង្គារថា៖ “ល្ងាចមិញ បានឆ្លងកាត់ខេត្តត្បូងឃ្មុំ ឆ្លៀតចូលសួរសុខទុក្ខ លោកឧកញ៉ា គុយ សួ នៅសួង ដែលកាលខ្ញុំមកធ្វើអភិបាលខេត្តកំពង់ចាម គាត់ជាឧកញ៉ាដំបូងគេ ដែលមកជូនពរខ្ញុំ តែពេលនេះគាត់មានបញ្ហាសុខភាព។ ជូនពរឧកញ៉ា អាយុយឺនយូរ”។
សូមជម្រាបថា លោក គួច ចំរើន អតីតអភិបាលរងខណ្ឌចំការមន, អភិបាលខណ្ឌមានជ័យ, អភិបាលខណ្ឌដូនពេញ និងអតីតអគ្គនាយករងរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានឡើងកាន់តំណែងជាអភិបាលខេត្តកំពង់ចាម កាលឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ មុននឹងលោកទទួលបានការតែងតាំងជាអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ និងទើបត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដដែល កាលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣៕