ឧកញ៉ា អ៊ឹង ប៊ុនហូវ សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង គ្រុប (I.N.G Holding Group) ទទួលការបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។

ការផ្ដល់គ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាមេដាយខ្ពស់បំផុតរបស់ប្រទេសកម្ពុជាជូន ឧកញ៉ា អ៊ឹង ប៊ុនហូវ នាពេលនេះ គឺដើម្បីឆ្លើយតបនឹងគុណបំណាច់របស់ លោកឧកញ៉ា ដែលជារឿយៗ តែងតែលះបង់ទាំងពេលវេលា និងធនធានថវិកា ជួយក្នុងសកម្មភាពសប្បុរធម៌នានាជូនជាតិ ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដូចជា បរិច្ចាគទឹកប្រាក់ ២០ម៉ឺនដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន, ឧបត្ថម្ភថវិកាចំនួន ១០,០០០ ដុល្លារ ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេសដោយឥតគិតថ្លៃ ព្រមទាំងការចូលរួមបរិច្ចាគជួយសកម្មភាពមនុស្សធម៌ជាច្រើនទៀត៕

