លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានចេញលិខិតថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ អ្នកឧកញ៉ា ឡេង ភក្ត្រា (អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា) អគ្គនាយកផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ព្រមទាំងអ្នកនិពន្ធ សិល្បករ សិល្បការិនី និងក្រុមការងារទាំងអស់ ដែលបានចូលរួមផលិតបទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» (Cambodian Pride)។

ក្នុងខ្លឹមសារលិខិតខាងលើ បានបញ្ជាក់ទៀតថា ការផលិតបទចម្រៀងនេះ គឺស្របតាមអនុសាសន៍ និងការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទិវាវប្បធម៌ជាតិ៣មីនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរ និងញ៉ាំងបរិយាកាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ឱ្យកាន់តែមានភាពអធិកអធម។

ការផលិតបទចម្រៀង ស្រឡាញ់អ្វីដែលខ្មែរមាន ដែលបង្កប់នូវសិល្បៈវប្បធម៌ ប្រពៃណី និងការអភិវឌ្ឍសង្គមកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់របស់វិស័យឯកជន ក្នុងការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាពសង្គម និងបានលើកកម្ពស់កិត្យានុភាពជាតិ លើឆាកអន្តរជាតិ ជាពិសេសបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាន់តែកក្រើក និងអធិកអធម ដើម្បីបន្សល់ទុកអនុស្សាវរីយ៍ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដល់កូនខ្មែរគ្រប់ជំនាន់។
គួររំឭកថា បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» (Cambodian Pride) ដែលបង្ហាញពីមោទនភាពកម្ពុជា ភ្ជាប់ជាមួយការភិវឌ្ឍន៍ ទេសចរណ៍ វប្បធម៌ និងដួងព្រលឹងខ្មែរ មានអ្នកចូលទស្សនាដ៏ច្រើនបំផុតមិនធ្លាប់មានរហូតដល់ទៅជាង 19M ត្រឹមតែរយៈពេល ១ថ្ងៃប៉ុណ្ណោះ។

បទចម្រៀង MV ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនាក្នុងបណ្តាប្រទេសអាស៊ាននេះ ត្រូវបានផលិតដោយផលិតកម្ម Galaxy Navatra ជាផលិតកម្មដ៏ធំល្បីល្បាញឈានមុខគេនៅក្នុងប្រទេសកម្ពុជា ក្រោយមានការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្ម បានចុះដឹកនាំដោយផ្ទាល់ផលិតបទចម្រៀង MV «Cambodian Pride» ហើយក៏ជាសហនិពន្ធ Melody និងទំនុកច្រៀង ផងដែរ ជាមួយនឹងអ្នកនិពន្ធឆ្នើម៤រូប គឺលោក សុខ ជំនោរ, លោក ខាំ ភូរិ, ឯកឧត្តម ហ៊ឹម នភា, ឧកញ៉ា យឹម តាស្រង់ និងឯកឧត្តម ខេមរៈ ភារុណ។

បទ«Cambodian Pride» ច្រៀងដោយកំពូលតារាចម្រៀងល្បីៗបំផុតប្រចាំប្រទេសកម្ពុជា ហើយកាន់ពិសេសទៀតនោះកំពូលតារាចម្រៀងទាំងនោះបានចាប់ដៃគ្នាក្នុងបទ MV តែមួយ គឺកំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ, កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត, កំពូលតារាចម្រៀង ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា។
សូមជម្រាបជូនថា ផលិតកម្ម Galaxy Navatra ជាផលិតកម្មកម្សាន្តមួយដែលគេមើលឃើញថា ជាផលិតកម្មបែបឌីជីថលឈានមុខគេ នាពេលបច្ចុប្បន្ន ខណៈដែល Galaxy Navatra មួយរយៈចុងក្រោយនេះកំពុងឡើងកូដខ្លាំងក្តោបដំណែងផលិតកម្មយក្សល្បីល្បាញ ប្រមូលដោយកំពូលតារាចម្រៀងល្បីៗ កំពុងមានប្រជាប្រិយភាព។ លើសពីនេះ Galaxy Navatra ក៏ជាផលិតកម្មដែលបោះជំហានឈានជើងចូលប្រឡូកក្នុងទីផ្សារអន្តរជាតិ ខណៈផលិតកម្មមួយកន្លងទៅចុះកុងត្រាលក់សិទ្ធិបទមច្រើន Are you okay ទៅផលិតកម្មនៅប្រទេសចិនទៀតផង៕

