ឧកញ៉ា ឡេង សុខគា ម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីមួយនៅខេត្តកំពង់ស្ពឺ ត្រូវបានសមាជិកបន្តគាំទ្រជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អាណត្តិទី៣ លើកទី១ ជាបន្តទៀត ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អាណត្តិទី៣ លើកទី១ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។
ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អាណត្តិទី៣ លើកទី១ តាមនិតិវិធីដែលបានគ្រោងទុក ការបើក ការប្រកាសលទ្ធផល និងការបិទកម្មវិធីទាំងមូលគឺស្ថិតក្រោមអធិបតីភាព លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។
លទ្ធផលឧកញ៉ា ឡេង សុខគា ត្រូវបានសមាជិកបន្តគាំទ្រជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អាណត្តិទី៣ លើកទី១ នេះជាបន្តទៀត ព្រមទាំងអនុប្រធានសភាពាណិជ្ជកម្មខេត្ត ចំនួន៨រូប រួមមាន៖ ឧកញ៉ា ជៀម កាក់ លោក ឡេង ដារ៉ា លោក មឿង សុវណ្ណ លោក សាន ម៉ៅ លោក ផេង ប៊ុនថន លោក ណាំ អៀវហួត លោក យ៉ោក សីហា និងលោកស្រី ឈិន ចំរើន។
សូមជម្រាបថា លោក ទ្បេង សុខគា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងជាអគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី លីម ម៉ូវ ខូអិលធីឌី ត្រូវបានព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រទានគោរមងារជាឧកញ៉ា កាលពីថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩៕