ក្រុមហ៊ុនអ្នកឧកញ៉ា សុខ គង់ ប្រកាសអនុញ្ញាតឱ្យឡាន Off-Road និងម៉ូតូធំ អាចធ្វើដំណើរកម្សាន្តលើផ្លូវថ្មីបាន

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន សុខា អូតែល របស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ​​បាន​ប្រកាស​អនុញ្ញាត​ឱ្យ​រថយន្ត​ Off-Road ​​ប្រភេទ​ខ្ពស់ (4 Wheel Drive) និង​ប្រភេទ​ម៉ូតូធំៗ អាច​ធ្វើ​ដំណើរកម្សាន្តឆ្លងកាត់ផ្លូវថ្មី ពីផ្លូវជាតិលេខ៤ ទៅកាន់​ភ្នំបូកគោ ដោយឆ្លងកាត់ជ្រលងភ្នំ និងធម្មជាតិស្រស់ស្អាត​បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា សម្រាប់ពេលបច្ចុប្បន្ន ផ្លូវនេះអាចធ្វើ​ដំណើរបាន សម្រាប់រថយន្តប្រភេទ​ខ្ពស់ និងប្រភេទម៉ូតូធំ។ ប្រសិនបើបងប្អូន​​ចាប់អារម្មណ៍ធ្វើដំណើរលើផ្លូវនេះ អាចទំនាក់ទំនងលេខទូរសព្ទ 0883355608 | 088 335 5535 សម្រាប់ការជិះជាក្រុមកម្សាន្តជាមួយគ្នា។​​

គួរ​រំឭក​ថា កាលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ​​​​អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប និង​អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ​​បាន​អញ្ជើញ​ចូល​រួម​អមដំណើរ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យ​វឌ្ឍនភាព​នៃការ​ស្ថាបនាផ្លូវមេ តភ្ជាប់ពីផ្លូវជាតិលេខ៤​ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៨+២៩១​ ឆ្ពោះទៅលើភ្នំបូកគោ​ ស្ថិត​នៅ​ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ។

តាម​​គម្រោង​ប្លង់ ​​ផ្លូវ​ធ្វើ​ដំណើរ​ឡើង​ភ្នំ​​​បូកគោ ​​ប្រវែង ៦១​គីឡូម៉ែត្រ ដែល​​​ឆ្លង​កាត់​ចំការ​ដូង​ប្រេង​​របស់​អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី ប្រវែង ១៥គីឡូម៉ែត្រ​នេះ​ ​​មាន​ទទឹង​ផ្លូវ​សរុប​ប្រមាណ ២០ម៉ែត្រ ​​ក្នុង​នោះ​​មាន​ផ្លូវ​រថយន្ត​ទៅ​មក ​​៧​ម៉ែត្រ ផ្លូវ​ម៉ូតូ​ទៅ​មក ៦ម៉ែត្រ ​​និង​ចិញ្ចើម​ផ្លូវ​ប្រវែង ៣,៥ម៉ែត្រ​ទាំង​សងខាង។

គិត​ត្រឹម​​ថ្ងៃទី​០១ ខែមេសា ឆ្នាំ២០២៣​ ផ្លូវ​ថ្មី​នេះ​ បាន​បញ្ចប់​ការ​ឈូសឆាយ ១០០%​ ជាផ្លូវការ ​​និង​នៅ​តែ​បន្ត​ស្ថាបនា​​​ទៅ​តាម​គម្រោង​បន្ត​បន្ទាប់ រហូត​ដល់​ការ​ចាក់​កៅស៊ូ។

សូម​ជម្រាប​ថា គម្រោងស្ថាបនាផ្លូវតភ្ជាប់ឧទ្យានជាតិ​ព្រះមុនីវង្សបូកគោ​ មកផ្លូវជាតិលេខ៤ ត្រង់ចំណុច គីឡូ​ម៉ែត្រលេខ១៥៨+២៩១​ នេះ​ ត្រូវ​បាន​រាជរដ្ឋាភិបាលកម្ពុជា ​សម្រេច​​កាល​ពី​ដើម​ឆ្នាំ​២០២២ ឱ្យ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ​សហការ​ជាមួយ​អ្នកជំនួញ​ជើង​ចាស់​ពីរ​រូប​គឺ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ និង​អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ​​បើក​ការ​​ឈូសឆាយ​ធ្វើ​ផ្លូវ​ថ្មី​នេះ​ឡើង ដើម្បី​មាន​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ ចំណេញ​ពេលវេលា ​ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច គាំទ្រ​ដល់ការ​វិនិយោគ​ និង​ទាក់ទាញ​ផ្នែក​ទេសចរណ៍៕