ឧកញ៉ា យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន EEw9 និងជាអ្នកនិពន្ធឆ្នើមមួយរូបនៅកម្ពុជា កំពុងជួយជំរុញកូនៗរបស់លោក ឱ្យខិតខំរៀនភ្លេងតាំងពីតូចទៅ ដើម្បីជាគ្រឹះមួយឈានទៅចាប់អាជីពជាអ្នកចម្រៀង នាពេលអនាគត។

លោកឧកញ៉ា បានបញ្ជាក់ជាសារលើបណ្តាញសង្គម នៅព្រឹកថ្ងៃអង្គារនេះ យ៉ាងដូច្នេះថា៖ “កូនត្រូវរៀនទទួលយកការងារ ហើយរៀនសូត្របទពិសោធន៍ចាប់ពីក្មេងទៅ កុំចាំដល់វ័យធំ។ ទីនេះមានពុកម្នាក់ ដែលកំពុងជំរុញ និងចាំលើកទឹកចិត្តកូនជានិច្ច”។
ជាមួយគ្នានេះ នៅក្នុងវីដេអូឃ្លីប លោកឧកញ៉ា យឹម តាស្រង់ ក៏បានលើកឡើងផងដែរថា គោលបំណងរបស់លោក ដែលបានឱ្យកូនខំរៀនភ្លេងរាប់ខែមកនេះ គឺដើម្បីឱ្យកូនក្លាយជាអ្នកចម្រៀងដ៏ល្អ ព្រោះកាលណាពួកគេដឹងភ្លេងកាន់តែច្រើន នោះការច្រៀងនឹងកាន់តែពិរោះ ដែលនោះគេហៅថា គ្រឹះ។ លោកឧកញ៉ា បានបន្ថែមថា ធ្វើជាអ្នកចម្រៀង ដែលយល់ដឹងពីភ្លេងខ្លះ វាជាគ្រឹះមួយដែលស្រួលដើរ ស្រួលមានផ្លូវ។

“ពុកជួលតាំងពីអ្នកភ្លេងមួយឱ្យប្រចាំ រៀបចំតាំងពីស្ទូឌីយ៉ូមួយ សម្រាប់តេស្តអ្វីគ្រប់សព្វ។ ហេតុអ្វីបានជាពុកចាំបាច់ចំណាយធ្វើអ្វីដល់ថ្នាក់ហ្នឹង? គឺដើម្បីតែកូនហ្នឹងហើយ។ ថ្ងៃក្រោយ កូនក្លាយជាអ្នកចម្រៀងម្នាក់ដែលខិតខំឱ្យអស់លទ្ធភាព ទោះបីជាល្បី ឬមិនបានល្បី ក៏អស់ចិត្តខ្លួនឯងដែរ”។ ឧកញ៉ា យឹម តាស្រង់ បានលើកឡើងបន្ថែមក្នុងវីដេអូឃ្លីប។

សូមទស្សនាវីដេអូខាងក្រោម៖