អ្នកឧកញ៉ា សៀ ឫទ្ធី បង្ហើបឱ្យដឹងតួនាទីសំខាន់របស់ភូមិកីឡដ្ឋាន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Group ​​បាន​បង្ហើប​​ឱ្យ​ដឹង​ថា ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ​ពិត​ជា​ដើរ​តួនាទី​សំខាន់​ណាស់ ​​សម្រាប់​រាជរដ្ឋាភិបាលកម្ពុជា ​ប្រតិភូកីឡា និង​កីឡាករ កីឡាការិនី​ មក​ពី​បណ្តាប្រទេស​​ក្នុង​តំបន់​អាស៊ាន​ ​​​​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ២០២៣ ដែល​ប្រទេស​កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា បាន​លើកឡើង​ក្នុង​បទសម្ភាសន៍​មួយ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​​ថា​ ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ​​នឹង​ដើរ​តួនាទី​សំខាន់ ព្រោះ​ការពិត​ណាស់​​ កាលណា​យើង​ប្រមូលផ្តុំ​កីឡាករ​មក​នៅ​ក្បែរ​កន្លែង​យើង​ប្រកួត គឺ​បាន​ន័យ​ថា​យើង​ងាយស្រួល​សម្រាប់​​រាជរដ្ឋាភិបាល ក្នុង​ការ​មើលថែទាំ​​កីឡាករ​ កីឡាការិនី ផ្គត់ផ្គង់​​អាហារ កន្លែង​ស្នាក់នៅ និង​សន្តិសុខ ហើយ​កីឡាករ​អាច​ហ្វឹកហាត់​នៅ​ទីនោះ​​​បាន​តែ​ម្តង។ ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល ក៏​ពុំ​ចាំបាច់​លំបាក​ដឹកជញ្ជូន​ពួកគាត់​ពី​សណ្ឋាគារ​ផ្សេងៗ យក​ទៅ​កន្លែង​កីឡដ្ឋាន​នោះដែរ។ ម្យ៉ាង​ទៀត កីឡាករ កីឡាការិនី ក៏​ពុំ​ចាំបាច់​​ចំណាយ​ពេល​ច្រើន​ធ្វើ​ដំណើរ ឬ​រង់ចាំ​ច្រើន​ម៉ោង​នោះ​ដែរ ពេល​ដល់​ថ្ងៃ​​ទៅ​ប្រកួត។

​”ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ​​ជា​គោលគំនិត​របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ​​បាន​ផ្តើម​ជា​គំនិត​ក្នុង​ការ​កសាង​ភូមិ​កីឡាករ ដើម្បី​បង្ករ​ភាព​ងាយស្រួល​ដល់​គ្រប់​កីឡាករ​របស់​ប្រទេស​អាស៊ាន​ ដែល​មក​ប្រកួត​ស៊ីហ្គេម ​​ហើយ​ខ្ញុំ​ក៏​បាន​គាំទ្រ​នូវ​គំនិត​នេះ ទើប​បង្កើត​ឱ្យ​មាន​គម្រោង​នេះ​ឡើង”។ អ្នកឧកញ៉ា សៀ ឫទ្ធី ​​បាន​បន្ថែម។

ភូមិកីឡា ដែលសាងសង់​ឡើង​ដើម្បី​ទទួលប្រតិភូកីឡា និងអត្តពលិក សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានប្រារព្ធពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់​ជា​ផ្លូវការ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា​ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

សូម​ជម្រាប​ជូន​ថា ភូមិកីឡា ដែលមាន៣៧០០គ្រែ ស្ថិតក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការ​ដ្ឋានសាងសង់កាលពីឆ្នាំ២០២០ ដោយក្រុមហ៊ុន World Bridge Sport Village របស់​អ្នកឧកញ៉ា សៀ ឫទ្ធី ជា​ក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់។ ភូមិកីឡដ្ឋាននេះ បាន​ផ្តល់ជាកន្លែងស្នាក់នៅ សម្រាប់អត្តពលិក អាជ្ញាកណ្ដាល ចៅក្រម និងប្រតិភូកីឡា ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២៕