លោកឧកញ៉ា អ៊ុក រដ្ឋា បានចូលរួមឧបត្ថម្ភភេសជ្ជៈចំនួន ១១០កេស ជូនដល់រដ្ឋបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល ដើម្បីចាត់ចែង និងប្រើប្រាស់តាមតម្រូវការផ្សេងៗ កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។

តាមការបញ្ជាក់ពីលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ ក្រៅពីការឧបត្ថម្ភភេសជ្ជៈចំនួន ១១០កេស លោកឧកញ៉ា អ៊ុក រដ្ឋា ក៏បានឧបត្ថម្ភទឹកសុទ្ធ HITECH ៥០កេស និងថវិកាចំនួន ៥លានរៀល ទៀតផងដែរ ជូនដល់រដ្ឋបាលក្រុង។
ឧកញ៉ា អ៊ុក រដ្ឋា គឺជាអគ្គនាយកក្រុមហ៊ុន មហារដ្ឋាត្រេឌីងគ្រុប ដែលជានិច្ចកាលលោកតែងតែចូលរួមជួយដល់ការងារសង្គមជារឿយៗ។ ជាក់ស្តែង កាលពីចុងឆ្នាំ២០២១ លោកឧកញ៉ា បានជួយជួសជុលស្ថាបនាផ្លូវលេខ៣៨០ ក្នុងឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ចំនួន ៥០០ម៉ែត្រ ដើម្បីរួមចំណែកក្នុងការជួយអភិវឌ្ឍមូលដ្ឋាន ហើយកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ លោកឧកញ៉ា និងភរិយា ក៏បានជួយឧបត្ថម្ភក្នុងសាងសង់បុកគ្រឹះធ្វើច្រាំងទន្លេ រួមទាំងជណ្តើរចុះទៅទន្លេ ប្រគេនជូនចៅអធិការវត្តព្រែកបង្កង ស្ថិតនៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីទុកជាសម្បត្តិរបស់វត្ត។


សូមជម្រាបថា កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលក្រុងអរិយក្សត្រ បានរៀបចំពិធីប្រកាសបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការនូវរដ្ឋបាលក្រុងអរិយក្សត្រ ក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមទាំងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលក្រុងអរិយក្សត្រផងដែរ៕