ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារឧកញ៉ា សុះ កំរ៉ី ជា «អ្នកឧកញ៉ា» កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឧកញ៉ា សុះ កំរ៉ី ជាចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងជាក្រុមការងារសេនាធិការរបស់លោកឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស។ លោកឧកញ៉ា សុះ កំរ៉ី តែងតែចែករំលែកសារអប់រំ គតិបណ្ឌិត ជាប្រចាំលើបណ្តាញសង្គម។

ជាក់ស្តែង កាលពីសប្តាហ៍មុន លោកឧកញ៉ា ក៏បានចែករំលែកសារអប់រំមួយដ៏មានអត្ថន័យផងដែរ។ ឧកញ៉ា សុះ កំរ៉ី បានលើកឡើងយ៉ាងដូច្នេះថា៖ “បងប្អូន! ចូរកុំធ្វើដូចសត្វខ្លាដែលឃ្លាន ហើយកុំធ្វើដូចមនុស្សដែលឆ្អែត”។
លោកឧកញ៉ា បានបញ្ជាក់ថា អ្នកគតិបណ្ឌិតឥស្លាមបានលើកឡើងថា (ពួកសត្វ ពិសេសសត្វខ្លា) នាំគ្រោះថ្នាក់ខ្លាំងនៅពេលដែលវាឃ្លាន ប៉ុន្តែមនុស្សវិញនាំគ្រោះថ្នាក់ខ្លាំង នៅពេលឆ្អែត។ នេះមានន័យថា សត្វខ្លាកាលណាវាឆ្អែត វាឈប់កាចសាហាវ ប៉ុន្តែមនុស្សវិញ កាលណាក្លាយជាអ្នកមាន មានអំណាច មានឋានៈខ្ពង់ខ្ពស់ មានអ្នកខ្លះ កាន់តែកាចសាហាវ៕

