ការប្រកួតវាយកូនគោល ចាប់ផ្តើមពីព្រឹកនេះទៅ នៅទីលានវាយកូនគោលរបស់អ្នកឧកញ៉ា លី យ៉ុងផាត់

ជុំវិញ​ឧកញ៉ា

ការ​ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សម្រាប់វិញ្ញាសារកីឡាវាយកូនគោល បាននិងកំពុង​ចាប់ផ្តើមប្រកួត​ពី​ម៉ោង​៧​ព្រឹក ថ្ងៃទី៨​ ខែឧសភា នេះ​​តទៅ​ រហូត​ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅ​លើ​​ទីលាន​វាយកូន​គោល ហ្គាឌិន ស៊ីធី (Garden City Golf Club) របស់​អ្នកឧកញ៉ា លី យ៉ុងផាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបញ្ជាក់ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ក្រុមការងារ​​បាន​រៀបចំជាស្រេច សម្រាប់ការប្រកួតវិញ្ញាសាកីឡាវាយកូនគោល ក្នុងព្រឹត្តិការណ៍​កីឡាស៊ីហ្គេម ឆ្នាំ២០២៣។

លោក​បាន​ថ្លែងឱ្យដឹងថា ការប្រកួតវិញ្ញាសាកីឡាវាយកូនគោល ក្នុងព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣២​នេះ ​​មាន ៨ប្រទេស​ចូល​រួម ក្នុង​នោះ​មាន​ កម្ពុជា វៀតណាម ថៃ ឡាវ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដោយ​មាន​កីឡាករ កីឡាការិនី សរុប​ចំនួន​៥២​រូប​ បុរស​​៣១​នាក់ និង​នារី​២១នាក់។ លោក​ ជា បូរ៉ា ​បាន​បន្ថែម​ឱ្យ​ដឹង​ថា ការ​ប្រកួតកីឡាវាយកូនគោល មាន​ចំនួន២​វិញ្ញាសារ​ គឺ​ឯកត្តជនផ្នែកបុរស ឯកត្តជនផ្នែកនារី និង​វិញ្ញាសារ​លេង​ជាក្រុម​ផ្នែកបុរស និង​ជាក្រុម​ផ្នែកនារី ដែល​ប្រកួតចាប់ពីព្រឹកថ្ងៃទី៨ ដល់​ថ្ងៃទី១៣ ខែឧសភា ទើប​បញ្ចប់។

ជាមួយគ្នានេះដែរ លោក ឆោម សំបូរ អនុប្រធាន​គណៈកម្មការ​រៀបចំ​ទូទៅ​នៃ​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើកទី​៣២ ​​​បាន​ថ្លែង​ប្រាប់​​​ ឧកញ៉ា ញូស៍ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​​សម្រាប់​វិញ្ញាសារ​ប្រកួត​លក្ខណៈ​ឯកត្តជន​ ​​នឹង​ចាប់ផ្តើម​ប្រកួត​ចាប់ពី​ថ្ងៃទី៨ ដល់​ថ្ងៃទី​​​១០ ចំណែក​ថ្ងៃទី១១ ដល់ថ្ងៃទី១៣ គឺ​ប្រកួត​លក្ខណៈ​ជា​ក្រុម។ លោក ឆោម សំបូរ បាន​ឱ្យ​ដឹង​បន្ថែម​ថា ក្នុង​ចំណោម​ប្រទេស​ទាំង​៨ គឺ​មាន​កីឡាករ​ចំនួន​៤​រូប និង​កីឡាការិនី​ចំនួន​៣​រូប ​​លើក​លែង​តែ​ប្រទេស​ឡាវ ដែល​ពុំ​មាន​កីឡាការិនី​ មាន​តែ​កីឡាករ​ចំនួន​ ៤នាក់​ប៉ុណ្ណោះ។

លោក ឆោម សំបូរ បាន​បញ្ជាក់​ថា មូលហេតុដែលគណៈកម្មការ​ជ្រើសរើស​​ទីលានវាយកូនគោល ហ្គាឌិន ស៊ីធី ធ្វើ​ជា​ទីលាន​សម្រាប់​ការ​ប្រកួត​ព្រឹត្តិការណ៍​ស៊ីហ្គេម​លលើកទី៣២​នេះ ដោយសារ​មាន​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​ពិជ័យសេនា ទៀ បាញ់ ប្រធានសហព័ន្ធ​កីឡាវាយកូនគោលកម្ពុជា។ ដូច្នេះ​លោក​បាន​ជ្រើសរើស​ទីលាន​នេះ​ដោយសារ​ ទី១ ទីតាំង​អំណោយផលខ្ពស់ នៅជិត​ពហុកីឡដ្ឋាន​មរតកតេជោ ទី២ ទីលាននេះ​មាន​សម្ភារៈ​គាំទ្រ​ និង​ផ្នែក​ផ្សេងៗ​​គ្រប់គ្រាន់​ទាំង​អស់​ សម្រាប់​​ដំណើរ​ការប្រកួត ​ត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ។ ​

សូមជម្រាបជូន​ថា ទីលានវាយកូនគោល ហ្គាឌិន ស៊ីធី (Garden City Golf Club) គឺជាទីលានវាយកូនគោលពាក់កណ្តាលឯកជន​លំដាប់ពិភពលោក​ ដែលបានចាប់ដំណើរការ​សាងសង់​​​ឡើង​ដោយ​មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​គឺ​ឧកញ៉ា លី យ៉ុង​ផាត់ កាល​ឆ្នាំ២០១៣ ក្នុងទំហំ​ទឹកប្រាក់​វិនិយោគ ២០​លាន​ដុល្លារ លាត​សន្ធឹង​លើ​ផ្ទៃ​ដី ២៤០​អា ស្ថិត​នៅ​ជាមួយ​សណ្ឋាគារ ហ្គាឌិន ស៊ីធី ដែល​ជា​សណ្ឋាគារ​លំដាប់​អន្តរជាតិ​ផ្កាយ៥ ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វារ ប្រមាណ ១៥​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ៕