អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី ដែលទើបទទួលញញួរបន្តជាប្រធានអាស៊ានពីកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅទីក្រុងឡាប៊ូន បាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។
ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង សហប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន នឹងចូលរួមកិច្ចសន្ទនាវាងប្រមុខដឹកនាំអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលនឹងពិភាក្សាអំពីបញ្ហាប្រឈមនានាដែលវិស័យឯកជនទូទាំងតំបន់អាស៊ានកំពុងជួបប្រទះ ការដាក់ជូននូវរបាយការណ៍អនុសាសន៍ជូនប្រមុខដឹកនាំអាស៊ាន និង វឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទាំងអស់ នឹងអញ្ជើញចូលរួមពិធីជប់លៀងអាហារពេលល្ងាចរៀបចំដោយប្រធានាធិបតី ឥណ្ឌូនេស៊ី។
ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងមានកិច្ចប្រជុំធុរកិច្ច និងវិនិយោគផ្សេងៗទៀតដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង ក៏ដូចការតភ្ជាប់ធុរកិច្ចក្នុងក្របខណ្ឌអាស៊ានជាដើម៕