ឧកញ៉ា កែវ មុំ ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ិនដាសទ្រី ខូអិលធីឌី បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកជំទាវ បានលើកទឹកចិត្ត និងបើកផ្តល់ឱកាសដល់ជនមានពិការភាព និងជនមិនចេះអក្សរ អាចចូលបម្រើការងារនៅក្រុមហ៊ុនផលិតនំស្រួយ លីលី បាន ហើយអាចទទួលបានប្រាក់ខែ ស្មើនឹងបុគ្គលិកទូទៅដែរ។
លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានបង្ហើបប្រាប់ដល់ ឧកញ៉ា ញូស៍ ក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗកន្លងទៅថា ក្រុមហ៊ុនផលិតនំស្រួយ លីលី តែងតែជួយគាំទ្រ និងផ្តល់ឱកាសការងារដល់បុគ្គលិក ជាពិសេសជនមានពិការភាព ជនមិនចេះអក្សរ ឬអនក្ខរភាព ហើយក្រុមហ៊ុនតែងតែជួយបណ្តុះបណ្តាលជូនពួកគាត់បន្ថែម។
“ម្យ៉ាងទៀត យើងមិនតម្រូវឱ្យពួកគាត់ចេះអក្សរទាំងអស់នោះទេ គ្រាន់តែត្រូវការកម្លាំងរបស់ពួកគាត់ ដើម្បីធ្វើការច្រកនំ ផលិតនំ ដែលជាការងារស្រាលៗសម្រាប់ពួកគាត់។ ចំពោះជនពិការ គឺយើងត្រូវការតែដៃរបស់គាត់ ដើម្បីច្រកនំ និងជាការងារស្រាលបំផុត ដូច្នេះបើគាត់ពិការជើង មិនអាចដើរបាន ក៏យើងផ្តល់ឱកាសការងារឱ្យគាត់ធ្វើបានដែរ ហើយប្រាក់បៀវត្ស យើងផ្តល់ឱ្យពួកគាត់ស្មើនឹងបុគ្គលិកដទៃទៀតដូចគ្នា ដោយសារយើងមានការលើកទឹកចិត្ត និងផ្តល់ឱកាសជូនពួកគាត់”។ ឧកញ៉ា កែវ មុំ បានបន្ថែម។
លោកជំទាវឧកញ៉ា កែវ មុំ បានបញ្ជាក់បន្ថែមថា មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន លីលី មានបុគ្គលិកពិការចំនួន ៦នាក់ ក្នុងនោះបុគ្គលិកពិការជើង ដើរមិនរួចតែម្តងមានចំនួន ៣នាក់ និងបុគ្គលិកពិការជើងម្ខាងហើយមានជើងសិប្បនិមិត្តម្ខាងអាចដើរបាន មានចំនួន ៣នាក់ទៀត។ លោកជំទាវ បន្តថា សម្រាប់ជនពិការជើងដទៃទៀត ដែលមានបំណងចង់ចូលបម្រើការងារនៅក្រុមហ៊ុន លីលី លោកជំទាវនឹងបន្តស្វាគមន៍ និងផ្តល់ឱកាសជូនជានិច្ច។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតនំស្រួយ លីលី ដែលមានរោងចក្រ ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការ ចាប់ពីខែឧសភា ឆ្នាំ២០១២។ ក្រុមហ៊ុនផលិតនំស្រួយ លីលី មិនត្រឹមជាសហគ្រាសផលិត ដើម្បីផ្គត់ផ្គង់ ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងក្លាយជាក្រុមហ៊ុនខ្មែរដំបូងគេ ដែលមានសមត្ថភាព លក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផលិត ជាផលិតផលសម្រេចចំណីអាហារ នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អ៊ីតាលី មីយ៉ាន់ម៉ា វៀតណាម ចិន ម៉ាឡេស៊ីកូរ៉េខាងត្បូង និងប្រទេសផ្សេងៗទៀតផងដែរ៕