អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន យល់ឃើញថា នៅប្រទេសកម្ពុជាបច្ចុប្បន្ន អ្នកមានៗមានច្រើនណាស់ ដែលអ្នកខ្លះមានលុយដល់ទៅប៊ីលានដុល្លារ ប៉ុន្តែអ្នកមានៗនៅកម្ពុជាភាគច្រើន មិនសូវហ៊ានវិនិយោគលើវិស័យអប់រំនោះទេ ដោយសារកត្តា២យ៉ាងគឺ ខ្វះជំនាញលើវិស័យអប់រំ ហើយវិស័យនេះពុំអាចទទួលបានផលចំណេញលឿន។

ក្នុងបទសម្ភាសន៍ជាមួយ ឧកញ៉ា ញូស៍ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកឧកញ៉ា បានលើកឡើងថា អ្នកមាននៅកម្ពុជាមានច្រើន អ្នកខ្លះមានធនធានច្រើនមែនទែន ប៉ុន្តែមិនហ៊ានវិនិយោគលើវិស័យអប់រំ ដោយសារពុំមានជំនាញក្នុងវិស័យអប់រំ និងគិតថាវិស័យនេះពុំអាចទទួលបានផលចំណេញលឿនៗ ឬគិតថាប្រទេសមិនទាន់ឋិតថេរ ដោយសារប្រទេសយើងធ្លាប់មានសង្គ្រាមស៊ីវិលច្រើន ហើយពេលរកលុយបានច្រើន យកទៅផ្ញើនៅក្រៅប្រទេស។
អ្នកឧកញ៉ា បានបន្តថា ដូច្នេះបានជាអ្នកមានមិនហ៊ានវិនិយោគក្រៅពីអ្វីដែលអាចរកចំណូលបានលឿន ហើយរបរដែលរកបានលឿនមានដូចជា ដីធ្លី និងសំណង់។ ចំណែកឯវិស័យដែលត្រូវការចំណាយពេលយូរគឺ ទាក់ទងវិស័យសង្គមដូចជា រោងចក្រ ពេទ្យ និងសាលារៀន ជាដើមនេះ ដែលទម្រាំបានផលមកវិញ គឺត្រូវការចំណាយពេលអាចដល់ ២០ឆ្នាំ ឬ៣០ឆ្នាំ។

សម្រាប់ដំណោះស្រាយ អ្នកឧកញ៉ាគិតថាទាល់តែមានយុទ្ធនាការពីប្រមុខរាជរដ្ឋាភិបាល ដូចជាករណីដោះស្រាយបញ្ហាមីននៅកម្ពុជា។ ដូច្នេះអ្នកមានកម្ពុជា ដែលអ្នកខ្លះមានលុយដល់ទៅប៊ីលានដុល្លារ គួរវិនិយោគលើវិស័យអប់រំ ដោយងាកមកវិនិយោគក្នុងប្រទេស កុំឱ្យលំហូរសាច់ប្រាក់ទៅក្រៅប្រទេស ធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិ។
អ្នកឧកញ៉ា គួច ម៉េងលី បានបន្ថែមថា៖ “បើចង់ឱ្យប្រទេសលូតលាស់រីកចម្រើន គឺអ្នកមានទាំងអស់ ត្រូវវិនិយោគលើអ្វីដែលសង្គមត្រូវការ ហើយបានឋិតថេរប្រទេសជាតិ កាត់បន្ថយសង្គ្រាម ដូចជាវិស័យអប់រំ វិស័យសុខាភិបាល។ បើមនុស្សចេះ គឺចេះគ្រប់គ្រងក្រុមហ៊ុន ចេះគ្រប់គ្រងប្រទេស បើមនុស្សចេះ គឺមិនចាញ់បោកគេ កាត់បន្ថយឈឺ មិនក្រខ្លួន និងមិនលក់ឧត្តមគតិនោះទេ”។

សូមជម្រាបថា អ្នកឧកញ៉ា គួច ម៉េងលី បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅសហរដ្ឋអាមេរិក ហើយនៅឆ្នាំ២០០៧ លោកក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យ Massachusetts ទីក្រុង Amherst សហរដ្ឋអាមេរិក។ បច្ចុប្បន្នអ្នកឧកញ៉ា ជាម្ចាស់សាលារៀន អន្តរទ្វីបអាមេរិកកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេអាយអាយ (Aii) ដែលមាន ១៥សាខា នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ហើយគ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការសាខាទី១៦ នៅខេត្តតាកែវ ក្នុងពេលឆាប់ៗខាងមុខ៕