ឧកញ៉ា ទ្រី ដាលុច កូនប្រុសច្បងរបស់អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ត្រូវបានគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្តតែងតាំងឱ្យឈរឈ្មោះជាបេក្ខជនបម្រុង លំដាប់លេខរៀងទី៩ នៅមណ្ឌលខេត្តកណ្ដាល សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមសេចក្តីសម្រេចផ្លូវការរបស់ គ.ជ.ប កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។
លោកឧកញ៉ា ទ្រី ដាលុច វ័យ២៩ឆ្នាំ បច្ចុប្បន្នជាអគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុប។ លោក ទទួលបានគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣១៣/២៣៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣។ ឧកញ៉ា ទ្រី ដាលុច ដែលជាកូនប្រុសទី១ ស្ថិតក្នុងចំណោមបងប្អូន៥នាក់របស់អ្នកឧកញ៉ា ទ្រី ភាព ក៏មានតួនាទីជាទីប្រឹក្សាផ្ទាល់សម្តេចពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា, អនុប្រធានយុវជនស្រុកកណ្តាលស្ទឹង និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខណៈដែលឪពុករបស់លោកគឺ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានទី២ ក្រុមការងារចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
គួរបញ្ជាក់ថា បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់មណ្ឌលខេត្តកណ្តាល គឺមានបេក្ខជនពេញសិទ្ធិ ចំនួន ១១រូប និងបេក្ខជនបម្រុងចំនួន ១១រូប។ បេក្ខជនពេញសិទ្ធិ មានដូចជា ១.សម្តេចតេជោ ហ៊ុន សែន ២.លោកជំទាវ ឃួន សុដារី ៣.លោក អូន ព័ន្ធមុនីរ័ត្ន ៤.លោក ប្រាក់ សុខុន ៥.លោក ម៉ៅ ភិរុណ ៦.លោក ស៊ុន ចាន់ថុល ៧.លោក លឹម គានហោ ៨.លោក សុខ ចិន្តាសោភា ៩.លោក វង្សី វិស្សុត ១០.លោក ទី សុគន្ធ និង ១១.លោក សុះ មុះសិន។
ចំណែកឯបេក្ខជនបម្រុងទាំង១១រូប សម្រាប់មណ្ឌលខេត្តកណ្តាល មានដូចជា ១.លោក ឈុន ស៊ីរុន ២.លោក ជូ វិជិត្ត ៣.លោក ខឹម ច័ន្ទគីរី ៤.លោក ចាប ម៉ុច ៥.លោកស្រី រស់ ច័ន្ទផល្លី ៦.លោក ទេព សុធីរ ៧.លោក កឹម បូរី ៨.លោក ភឹម ម៉ាដូណា ៩.ឧកញ៉ា ទ្រី ដាលុច ១០.លោកស្រី ប៉ុង រ៉ានីន និង ១១.លោក សាយ សុផល៕