លោកឧកញ៉ា តែ ឡូរិន ស្ថាបនិកសាកលវិទ្យាល័យវេស្ទើន និងសាលាវេស្ទើនអន្តរជាតិ គឺជាប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា (FENCING FEDERATION OF CAMBODIA) ដែលជាវិញ្ញាសាដ៏សំខាន់មួយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ។

កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ ឧកញ៉ា តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា បានចូលរួមពិធីបើកការប្រកួតកីឡាគុនដាវ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយុ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងឱកាសនោះផងដែរ លោកឧកញ៉ាប្រធានប្រធានសហព័ន្ធ បានកើនរំលឹកទៅដល់គណៈកម្មការបច្ចេកទេស និងអ្នកទទួលខុសត្រូវរៀបចំ ឬអ្នកដាក់ពិន្ទុត្រូវធ្វើយ៉ាងអនុវត្តភារៈកិច្ចរបស់ខ្លួនឱ្យមានក្រមសីលធម៌ វិជ្ជាជីវៈ និងមានភាពសុក្រិត ដើម្បីធានាឱ្យដំណើរការនៃការប្រកួត ប្រកបដោយភាពស្តង់ដា យុត្តិធម៌ និងត្រឹមត្រូវតាមបច្ចេកទេស។
កីឡាគុនដាវ ជាប្រភេទកីឡាអូឡាំពិក ហើយបានដាក់បញ្ចូលទៅក្នុងស៊ីហ្គេមលើកដំបូង កាលពីឆ្នាំ១៩៨៧។ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ កីឡានេះចាប់ផ្ដើមប្រកួតពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែឧសភា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) សាល B។





សូមជម្រាបថា លោកឧកញ៉ា តែ ឡូរិន បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច លើជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ Sorbonne ទីក្រុងប៉ារីស ប្រទេសបារាំង។ លោកឧកញ៉ា បានបង្កើតសាកលវិទ្យាល័យវេស្ទើន នៅខែវិច្ឆិកា ឆ្នាំ២០០៣ ហើយក្នុងឆ្នាំនោះដែរ លោកឧកញ៉ា ក៏បានបង្កើតសាលាវេស្ទើនអន្តរជាតិដំណាលគ្នាផងដែរ៕