ឧកញ៉ា ខេមរៈ សិរីមន្ត ចេញសារលើកទឹកចិត្តដល់ក្រុមបាល់ទាត់បុរសជម្រើសជាតិកម្ពុជា

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងផលិតកម្ម​ ហ្គាឡាក់ស៊ីណាវ៉ាត្រា ​​​កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​នេះ​ បាន​​បញ្ចេញសារ​លើកទឹកចិត្ត​មួយ ដល់​​​ក្រុមកីឡាករ​​បាល់ទាត់​​ផ្នែកបុរស​ យុវជន​​ U22 ជម្រើសជាតិកម្ពុជា ​​ដែល​​ទទួល​បាន​លទ្ធផល​មិន​សម​​បំណង មិន​អាច​ឡើង​ទៅ​កាន់​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​​បាន ក្នុង​​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើកទី៣២ ក្នុងនាមជា​ម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារ​លើកទឹក​ចិត្ត​របស់​កំពូល​តារា​ចម្រៀង​ចាស់វស្សា​​រូប​នេះ ​​បាន​​​​​លើក​ឡើង​បន្ទាប់ពី​​​លោកឧកញ៉ា ឃើញ​កីឡាករ​ លឹម ពិសុទ្ធ ខ្សែ​បម្រើ​ប្រយុទ្ធ​ U22 ជម្រើសជាតិកម្ពុជា ​​បង្ហោះរូបភាព​និង​សារ​លើ​​បណ្តាញ​សង្គម​ថា “ខ្ញុំសម​​នឹង​ទទួល​យក​ទាំង​អស់” ក្រោយ​ពេល​ក្រុម​ជម្រើសជាតិកម្ពុជា ចាញ់​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី ២-១ កាលពី​​យប់​ថ្ងៃទី​១០ ខែឧសភា ដែល​ជា​ការ​ប្រកួត​​ចុង​ក្រោយ​ក្នុង​ពូល A។

ឧកញ៉ា ខេមរៈ សិរីមន្ត ​​បាន​បង្ហោះរូបភាព​កីឡាករ​ លឹម ពិសុទ្ធ ​​ភ្ជាប់​ជាមួយ​នឹង​សារ​​លើក​ទឹកចិត្ត ​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក កាលពី​ម្សិល​មិញ​យ៉ាង​ដូច្នេះ​ថា៖ “ចាញ់ឈ្នះជាកីឡា តែអ្វីដែលបងដឹង​ហើយប្រាកដក្នុងចិត្ត​ទៀត​នោះ​ គឺថាប្អូនៗពិតជាបានខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីប្រទេសមួយនេះ អរគុណប្អូនៗ ស៊ូៗ បងនៅចាំគាំទ្រ​និងលើកទឹកចិត្តប្អូនៗជានិច្ច”។

សូម​ជម្រាប​ជូន​ថា ក្រុមជម្រើសជាតិបាល់ទាត់​​បុរស U22 កម្ពុជា ​​បាន​ភ្លាត់​​ធ្វើ​​​ឱ្យ​ស្ទើរ​តែ​បាត់បង់​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទាំង​ស្រុង​ ​​តាំង​ពី​ចាញ់​​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា ​​២-០ នៅ​ប្រកួត​ទី​៣ ​​បន្ទាប់ពី​ពួកគេ​​ធ្វើ​បាន​ត្រឹម​ស្មើ ១-១ ទល់​នឹង​ហ្វីលីពីន ​​ក្រោយ​បំបាក់ទីម័រខាងកើត ៤-០ នៅ​ការ​ប្រកួត​បើកឆាក។ ​​ក្នុង​ការ​ប្រកួត​ទី៣ ពេល​ប៉ះ​មីយ៉ាន់ម៉ា ដែល​កម្ពុជា​ត្រូវ​ការ​ឈ្នះ​ជាចាំបាច់​នោះ ​​លោក​ឧកញ៉ា​ ខេមរៈ សិរីមន្ត ក៏​បាន​នាំ​ភរិយា និង​កូនៗ​ទៅ​ទស្សនា​ផ្ទាល់​ នៅ​ពហុកីឡដ្ឋាន​អូឡាំពិក​ផងដែរ៕