អ្នកឧកញ៉ា គៀន ស្រីនាង ភរិយាអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» និងត្រូវបានបំពាក់ជូនដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងព្រះវិហារ អគារសាលាធម្មសភា សាលាបាលី សារៈមន្ទីរ និងសមិទ្ធផលនានាក្នុងវត្តហ្លួង ស្ថិតនៅសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃសៅរ៍ ទី១៣ ខែឧសភា ម្សិលមិញនេះ។
តាមរយៈការទទួលបាននូវមេដាយខ្ពស់បំផុត «ជាតូបការ» នេះ គឺពិតជាស័ក្តិសមបំផុត ចំពោះទឹកចិត្តដ៏មហាប្រពៃ របស់អ្នកឧកញ៉ា គៀន ស្រីនាង ដែលតែងតែលះបង់នូវធនធានផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីជួយដល់សង្គម រាជរដ្ឋាភិបាលកម្ពុជា និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា។
អ្នកស្រី គៀន ស្រីនាង ទទួលបានគោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងព្រះរាជក្រឹត្យជាមួយនឹងស្វាមីអ្នកស្រី គឺពាណិជ្ជករ ទ្រី ភាព។ បច្ចុប្បន្នអ្នកស្រី ត្រូវបានគេដឹងថា កំពុងកាន់ដំណែងជាអគ្គនាយកក្រុមហ៊ុន MDS Group ក្រុមហ៊ុន Try Pheap Import Export រួមទាំងក្រុមហ៊ុនច្រើនទៀត។
សូមជម្រាបថា អ្នកឧកញ៉ា គៀន ស្រីនាង ទើបត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងកិច្ចការនារី ឋានៈស្មើ អនុរដ្ឋលេខាធិការ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ហើយអ្នកឧកញ៉ា ក៏ទើបត្រូវបានគណៈសង្ឃពុទ្ធសាសនាកម្ពុជា ផ្ដល់គោរមងារជា “មហាធម្មរតនវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍” កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ផងដែរ៕