ក្រុមហ៊ុនអ្នកឧកញ៉ា១រូប ទទួលបានសិទ្ធិបង្កើតក្រុងរណបចំនួន ២ទីតាំង នៅខេត្តកែប

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក (TP Moral Group) ​របស់​អ្នកឧកញ៉ា ឃុន សៀ ទទួល​បាន​សិទ្ធិ​លើការ​វិនិយោគ​គម្រោង​អភិវឌ្ឍ​បង្កើត​ទីក្រុង​រណប និង​តំបន់​ទេសចរណ៍​ពិសិដ្ឋ​ចំនួន ២​ទីតាំង ក្នុង​ទំហំ​ដី​សរុប​ជិត ១២៥០ហិកតា ​​នៅ​ខេត្តកែប។ នេះ​បើ​តាម​លិខិត​លេខ ២៦៩ សជណ.ជប ​​ចុះ​ថ្ងៃ​ទី៦ ខែមីនា ឆ្នាំ២០២៣ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​ក្នុង​ខ្លឹមសារលិខិត​​បាន​​ចែង​​ថា ទីស្តីការគណៈរដ្ឋមន្ត្រី សូម​ជម្រាប​ជូន​ថា​ រាជរដ្ឋាភិបាលកម្ពុជា​សម្រេច​ដូច​ខាង​ក្រោម៖

១. អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក កាយដី​ពី​ទីតាំង​ជ្រៅ​មក​បំពេញ​ទីតាំងរាក់ ចំនួន ២ទីតាំង ទំហំ​សរុប ១៤៦៧​ហិកតា ក្នុង​នោះ​ទីតាំង​ទី​១ ទំហំ ២៨៩​ហិកតា ស្ថិត​នៅ​សង្កាត់​កែប ក្រុងកែប និង​ឃុំ​អង្កោល និង​ឃុំពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្តកែប និង​ទីតាំង​ទី​២ ទំហំ ១១៧៨​ហិកតា ស្ថិត​នៅ​ឃុំ​ពងទឹក ស្រុកដំណាក់​ចង្អើរ ខេត្តកែប។

២. ធ្វើ​អនុប្បយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​នូវ​​ផ្ទៃដី​ចំនួន​ ២ទីតាំង ទំហំ​សរុប ១៤៦៧​ហិកតា ក្នុង​នោះ​ទីតាំង​ទី១ ទំហំ ២៨៩ហិកតា ស្ថិតនៅ​សង្កាត់​កែប ក្រុងកែប និង​ឃុំ​អង្កោល និង​ឃុំ​ពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និង​ទីតាំង​ទី​២ ទំហំ ១១៧៨​ហិកតា ស្ថិត​នៅ​ឃុំ​ពងទឹក ស្រុកដំណាក់​ចង្អើរ ខេត្តកែប និង​ត្រូវ​អនុវត្ត​តាម​រូបមន្ត​បែងចែក​ដូច​ខាង​ក្រោម៖

-ផ្ទៃដីចំនួន ១៥% ទំហំ ២២០​ហិកតា ប្រគល់ជូន​រដ្ឋបាលខេត្តកែប សម្រាប់​រៀបចំ​ជា​តំបន់​រដ្ឋបាល​ពហុកីឡដ្ឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ។

-ផ្ទៃដី​ចំនួន ៨៥% ទំហំ ១២៤៧​ហិកតា ផ្តល់​ជា​កម្មសិទ្ធិ​ឯកជន​ជូន​​ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ជា​ទីក្រុង​រណប រួមមាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សណ្ឋាគារ អគារស្នាក់នៅរួម បុរី​លំនៅឋាន ផ្សារ​ទំនើប ភោជនីយដ្ឋាន និង​តំបន់​សេវាកម្ម​នានា និង​បង្កើត​ជា​តំបន់​ទេសចរណ៍​ពិសិដ្ឋ រួមមាន រីស្សត ទីលាន​វាយ​កូនគោល បឹង​កាឡូ តំបន់សេវាកម្ម​ស្នាក់នៅ ផ្ទះ​វិស្សមកាល មណ្ឌល​សម្រាក​លម្ហែ​កម្សាន្ត​ទេសចរណ៍​ពាក់ព័ន្ធ​ផ្សេង​ទៀត។

សូម​ជម្រាប​ថា អ្នកឧកញ៉ា ឃុន សៀ អគ្គនាយក​​ក្រុមហ៊ុន TP Moral Group (TPMG) ​ជា​អ្នកជំនួញ​រកស៊ី​​អភិវឌ្ឍ​ដីធ្លី​យ៉ាងសកម្ម​ម្នាក់​​នៅ​កម្ពុជា​ ហើយ​លោក​ទទួលបាន​​គោរមងារ​ជា​ «ឧកញ៉ា» ដោយ​ព្រះរាជក្រឹត្យ​លេខ​ នស​/​រកត​/០៤០៦/១៦៣ នៅ​​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០០៦ និង​ក្រោយមកទៀត​ក៏​ទទួលបាន​គោរមងារ​ថ្មី​ជា «​អ្នកឧកញ៉ា» ដោយ​ព្រះរាជក្រឹត្យ​លេខ ​នស​/​រកត​/០៤០៨/៤៤៥ នៅ​​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០០៨៕