ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកថា វិស័យឯកជន គឺជាតួអង្គស្នូលដ៏សំខាន់បំផុត ក្នុងដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ការថ្លែងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីពិសាអាហារពេលល្ងាចជាមួយនឹងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទូទាំងប្រទេស នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។
នាឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មកម្ពុជា និងបានអបអរសាទរជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ព្រមទាំងប្រធានសភាពាណិជ្ជកម្មខេត្តទាំងអស់ ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥ ឆ្នាំ២០២៣ នេះផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមក៏បានថ្លែង កោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្មតាមបណ្តាខេត្ត ព្រមទាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ដែលកន្លងមកបានចូលរួមលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការគាំទ្រសហគមន៍ធុរកិច្ច, ការបង្កើតឱកាសនៃទំនាក់ទំនងក្នុងបណ្តាញធុរកិច្ចជាតិ-អន្តរជាតិ, ការជំរុញពាណិជ្ជកម្ម និងវិនិយោគ, ការផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា និងរួមទាំងការតភ្ជាប់មិត្តភាព និងសាមគ្គីភាពរវាងខ្មែរក្នុងស្រុក និងក្រៅស្រុកជាដើម។
មួយវិញទៀត ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងបន្តថា ក្នុងនាមជាលេខាធិការដ្ឋាន នៃក្រុមការងារផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, សភាពាណិជ្ជកម្មកម្ពុជាក៏បានបំពេញតួនាទីយ៉ាងមានប្រសិទ្ធភាពក្នុងការជំរុញឱ្យយន្តការមួយនេះរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យសម្រាប់ការដោះស្រាយបញ្ហាប្រឈម, ការលើកស្ទួយសហគមន៍ធុរកិច្ច និងការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។
ក្នុងន័យនេះ ឯកឧត្តមអះអាងថា៖«សភាពាណិជ្ជកម្មកម្ពុជា គឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈដែលរាជរដ្ឋាភិបាលនឹងកាន់តែផ្តោតលើការអភិវឌ្ឍវិស័យឯកជន ព្រមជាមួយនឹងការខិតខំទាក់ទាញវិនិយោគក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់»។
យ៉ាងណាមិញ តាមរយៈពិធីនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានអះអាងដែរថា រាជរដ្ឋាភិបាលយល់ច្បាស់ថា វិស័យឯកជន គឺជាតួអង្គស្នូលដ៏សំខាន់បំផុត ពីព្រោះការរីកចម្រើនរបស់វិស័យឯកជន គឺជាការរីកចម្រើនរបស់សង្គមជាតិទាំងមូល។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលនឹងខិតខំបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាឱ្យវិស័យឯកជនអាចដំណើរការអាជីវកម្មក្នុងបរិស្ថានល្អប្រសើរ និងអំណោយផល តាមរយៈ ការសម្រួលនីតិវិធីនានាពាក់ព័ន្ធនឹងការធ្វើធុរកិច្ច និង វិនិយោគ, ការទាញយកប្រយោជន៍ឱ្យកាន់តែច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានចុះហត្ថលេខា ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-សាធារណរដ្ឋកូរ៉េ ,កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), និងការបន្តពង្រឹងបន្ថែមប្រព័ន្ធឡូជីស្ទីកតាមរយៈការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជា៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត និងការប្រែក្លាយតំបន់មាត់សមុទ្រទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងជាដើម៕ អត្ថបទ៖ ពិសី