អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំអបអរសាទរពិធី «ពិសាអាហារសាមគ្គី ជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អាណ្តិតទី៥ ទូទាំងប្រទេស» កាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ ABCD ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបន្តវេន។


ក្នុងឪកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានដាក់អញ្ជើញថ្នាក់ថ្នាក់ដឹកនាំ សមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាទូទាំងប្រទេស ហើយក៏អញ្ជើញថ្នាក់ដឹកនាំ តំណាងថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ និងតំណាងស្ថានអគ្គកុងស៊ុល អគ្គរាជទូត អង្គទូត នៃបណ្តាលប្រទេសប្រចាំនៅកម្ពុជា ព្រមទាំងបានអញ្ជើញ សភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជា និងសមាគមជាតិនិង អន្តរជាតិ នៅកម្ពុជា។

សភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ក្នុងពិធីនេះមានគោលបំណង ដើម្បីបង្ហាញពីសាមគ្គីភាពរវាងសមាជិក សមាជិកានៃ សភាពាណិជ្ជកម្មកម្ពុជាទូទាំងប្រទេស ជាមួយសមាគមធុរកិច្ចជាតិនិងអន្តរជាតិ បង្កើនចំណងមេត្រីភាពកាន់តែល្អប្រើឡើងរវាងដៃគូរដ្ឋាភិបាលនិងឯកជន ជាពិសេសក្នុងឱកាសនេះ ដើម្បីទទួលបាននូវអនុសាសន៍នឹងការចែករំលែកនូវព័ត៌មានស្តីពីធុរកិច្ចនិងវិនិយោគផ្សេងៗដែលឆ្លុះបញ្ជាក់ពីការរួមគ្នារវាងវិស័យរដ្ឋាភិបាល-វិស័យឯកជនក្នុងកិច្ចសហការរួមគ្នាដើម្បីសម្របសម្រួលសកម្មភាពធុរកិច្ចនិងវិនិយោគ និងការអភិវឌ្ឍសម្រាប់កំណើនសេដ្ឋកិច្ចនៅកម្ពុជា ជាមួយគ្នានេះដែបង្ហាញពីសកម្មភាពសម្រេចបាននាពេលកន្លងមក និងទិសដៅរបស់សភាពាណិជ្ជកម្មកម្ពុជា។

ក្នុងពិធីដ៏ឪឡារឹកនោះ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ម បានធ្វើរបាយការណ៍ស្វាគមន៍ ស្តីពីសកម្មភាពសភាពាណិជ្ជកម្មកម្ពុជា ខណៈដែលអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម សម្តែងមតិចំណាប់អារម្មណ៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅជូនអង្គពិធីទាំងមូល។


ក្នុងឪកាសអញ្ជើញជាអធិបតីភាពនោះដែរ ក្រោយថ្លែងសុន្ទរកថាសំណេះសំណាលដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រួចមកឯកឧត្តមបានអញ្ជើញជាអធិបតីបំពាក់គ្រឿងឥស្សរិយយស ជូនដល់សមាជិក សមាជិកា និងបុគ្គលិកសភាពាណិជ្ជកម្មកម្ពុជា, ប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ ប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត, អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា, សហប្រធានក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភ និងពិធីពិសាអាហារសាមគ្គីចាប់ផ្តើម និងមានការថតរូបអនុស្សាវរីយ៍ជាដើម៕



















