លោកឧកញ៉ា អាន ឌីណា ម្ចាស់ក្រុមហ៊ុនសំណង់ អេហ្វ អេស ស៊ី ខនស្ត្រាក់សិន ឯ.ក (F.S.C Construction Co., Ltd) បានក្លាយជាសមាជិកថ្មី នៃសភាពាណិជ្ជកម្មកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់សភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ។

ឧកញ៉ា អាន ឌីណា ក៏ជាម្ចាស់ក្រុមហ៊ុន BMSC Cambodia ជាក្រុមហ៊ុនដែលទទួលសិទ្ធិលក់ចែកចាយផ្តាច់មុខ នូវផលិតផលម៉ាស៊ីនការិយាល័យល្បីៗគ្រប់ប្រភេទ មកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក បារាំង និងបណ្តាប្រទេសជាច្រើនទៀត រួមមានផលិតផលដូចជា៖ ម៉ាស៊ីនព្រីន ម៉ាស៊ីនស្កេន ម៉ាស៊ីនកូពី LCD កាមេរ៉ាសុវត្ថិភាព និងគ្រឿងអេឡិចត្រូនិកជាច្រើនផ្សេងទៀតផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អេហ្វ អេស ស៊ី ខនស្ត្រាក់សិន ឯ.ក រូបនេះ ជាសហគ្រិនឆ្នើមមួយរូប ដោយលោកធ្លាប់បានទទួលពានរង្វាន់ Outstanding Award និងមេដាយសហគ្រិនឆ្នើមពី CEO Master Club កាលឆ្នាំ២០១៨ បន្ទាប់ពីលោកបានព្យាយាមដឹកនាំផ្លាស់ប្តូរក្រុមហ៊ុន រយៈពេល៣ឆ្នាំ ពីលក្ខណៈគ្រួសារ ទៅជាក្រុមហ៊ុនស្តង់ដាមួយ ត្រឹមរយៈពេលដ៏ខ្លី។


សូមជម្រាបជូនថា លោក អាន ឌីណា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣៕