លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត និងលោកជំទាវបណ្ឌិត ឡាវរ៉ូភិនយ៉ូ សាក់សិនថាន់ អគ្គនាយិកា ក្រុមហ៊ុន Gwendolyn Investment (Cambodia) Co., Ltd ត្រូវបានព្រះមហាក្សត្រ សព្វព្រះទ័យចេញព្រះរាជក្រឹត្យ ប្រទាន «មេដាយ ជាតូបការ» ដែលជាគ្រឿងឥស្សរិយសថ្នាក់ខ្ពស់ បំផុតនៃព្រះរាជាណាចក្រកម្ពុជា។

ការបំពាក់គ្រឿងឥស្សរិយយសមេដាយ «មេដាយ ជាតូបការ» ត្រូវបានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបន្តវេន បំពាក់ និងប្រគល់ជូនដោយផ្ទាល់ដល់ លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត និងលោកជំទាវបណ្ឌិត ឡាវរ៉ូភិនយ៉ូ សាក់សិនថាន់ ក្នុងពិធី «ពិសាអាហារសាមគ្គី ជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អាណ្តិតទី៥ ទូទាំងប្រទេស» ដែលប្រារព្ធធ្វើឡើងកាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។
គួរបញ្ជាក់ថា លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត គឺជាអ្នកជំនួញវ័យក្មេង មួយរូបនៅកម្ពុជា ដែលកំពុងកាន់កាប់មុខជំនួញជាច្រើនក្នុងដៃ។ ក្រៅពីមុខជំនួញ លោកឧកញ៉ា តែងតែបង្ហាញវត្តមានលើបណ្ដាញសង្គមផ្ទាល់ខ្លួន ចែករំលែកបទពិសោធន៍ ចំណេះដឹងអាជីវកម្ម និងយុទ្ធសាស្រ្ដ លើវិស័យជំនួញរបស់ខ្លួន ជូនដល់សាធារណជនជារឿយៗផងដែរ៕





