ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារលោក សេង វណ្ណារិទ្ធ ជា «ឧកញ៉ា» កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


លោក សេង វណ្ណារិទ្ធ បច្ចុប្បន្នជាអគ្គនាយកសាលាអន្តរជាតិចុងអ៊ីង (Zhong Ying International School)។ ម្ចាស់សាលាអន្តរជាតិមួយនេះ ធ្លាប់ទទួលបានពាន Outstanding Accounting Award (ពានគណនេយ្យឆ្នើម) ដែលប្រគល់ផ្ទាល់ដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក កាលឆ្នាំ២០១៩។ ពាននេះបានបង្ហាញពីការទទួលស្គាល់ និងលើកទឹកចិត្តដល់សហគ្រិនឆ្នើមរបស់ CEO Master Club ដែលបានរៀបចំរបៀបរបប និងស្តង់ដារគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ បានល្អ រឹងមាំ សម្រាប់ក្រុមហ៊ុនរបស់ខ្លួន។

សាលាអន្តរជាតិ ចុងអ៊ីង ជាសាលាផ្តល់ការអប់រំចំណេះទូទៅ ៣ភាសាគឺ ចិន អង់គ្លេស និងខ្មែរ ចាប់ពីអាយុ២ឆ្នាំ ដល់ថ្នាក់ទី១២ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។ សាលាអន្តរជាតិ ចុងអ៊ីង ត្រូវបានបង្កើតឡើងដោយសហគ្រិនឆ្នើម២រូប ដែលមានបេះដូងស្រឡាញ់វិស័យអប់រំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានលោក អោម សេងបូរា ជាស្ថាបនិកនៃវិទ្យាស្ថាន CEO និង CEO Master Club រួមសហការជាមួយលោក សេង វណ្ណារិទ្ធ។


គួរបញ្ជាក់ថា អន្តរជាតិ ចុងអ៊ីង បានចាប់ផ្តើមដំណើរការដំបូង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨។ បច្ចុប្បន្ន ដោយមានការគាំទ្រពីសំណាក់សិស្សានុសិស្ស រួមទាំងអ្នកអាណាព្យាបាលផងដែរនោះ សាលាបានពង្រីកខ្លួនរហូតដល់៦សាលា រួមមាន សាខាឈូកមាស(ពោធិ៍ចិនតុង) សាខាអ៊ីអន២ សាខាក្រុងតាខ្មៅ សាខាផ្សារដេប៉ូ សាខាទួលទំពូង (ទំនប់ទឹក) និងសាខា ពេទ្យលោកសង្ឃ ដែលទើបនឹងបើកជាផ្លូវការនៅដើមខែឧសភា ឆ្នាំ២០២៣នេះ៕