នៅថ្ងៃសៅរ៍នេះ ក្រុមហ៊ុន KW Cambodia (Keller Williams Cambodia) ដែលមានឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាប្រធាន និងជាក្រុមហ៊ុនអចលនទ្រព្យយក្សមួយ មានប្រភពដើមមកពីសហរដ្ឋអាមេរិក បានបង្ហាញពីតម្លៃដីជាមធ្យមនៅក្នុងរាជធានីភ្នំពេញ តាមសង្កាត់នីមួយៗ សម្រាប់ខណ្ឌចំនួន ៩ គឺខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌច្បារអំពៅ ខណ្ឌដូនពេញ ខណ្ឌមានជ័យ ខណ្ឌ៧មករា ខណ្ឌឬស្សីកែវ ខណ្ឌសែនសុខ និងខណ្ឌទួលគោក។
អត្រាតម្លៃដីជាមធ្យមនៅរាជធានីភ្នំពេញ នៃខណ្ឌចំនួន៩នេះ គឺវាយតម្លៃដោយក្រុមហ៊ុនជំនាញផ្នែកអចលនទ្រព្យរបស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ផ្ទាល់ ដែលយោងតាមទិន្នន័យពីឆមាសទី១ ឆ្នាំ២០២២។ ចង់ដឹងតម្លៃដីនៃខណ្ឌទាំង៩ ខុសប្លែកគ្នាយ៉ាងណានោះ សូមទស្សនាខាងក្រោម៖
ក្រុមហ៊ុន KW Cambodia គឺជាអាជីវកម្មមួយ ដែលលោកឧកញ៉ា គីម ហ៊ាង បានចុះហត្ថលេខាផ្តាច់មុខ រយៈពេល២០ឆ្នាំ បូក២០ឆ្នាំ ស្មើនឹង៤០ឆ្នាំ ហើយលោកបាននាំយកក្រុមហ៊ុនរបស់អាមេរិកមួយនេះ មកកម្ពុជា តាំងពីឆ្នាំ២០១៨។ KW Cambodia មកពីពាក្យពេញ Keller Williams Cambodia ដែលក្រុមហ៊ុនអាមេរិក Keller Williams Realty International បង្កើតឡើងដំបូង កាលឆ្នាំ១៩៨៣ ជាក្រុមហ៊ុនអចលនទ្រព្យ ប៉ុន្តែក្រោយមក ក្រុមហ៊ុននេះបានកែប្រែពីក្រុមហ៊ុនអចលនទ្រព្យ ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកអចលនទ្រព្យវិញ។
សូមជម្រាបថាបច្ចុប្បន្ន KW ជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាវិស័យអចលនទ្រព្យដ៏ទាន់សម័យជាងគេ ធំជាងគេ ដែលប្រើលុយដល់ពាន់លានដុល្លារ ដើម្បីបង្កើតនូវប្រព័ន្ធគ្រប់គ្រងលើវិស័យអចលនទ្រព្យ។ ការពង្រីកសក្តានុពលរបស់ក្រុមហ៊ុន KW នេះ គឺលក្ខណៈសកលលោក ហើយបច្ចុប្បន្ននេះបានបើកដល់ ៥២ប្រទេសរួចហើយ ក្នុង ៥ទ្វីប៕