ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង យល់ឃើញថា មិនប្រាកដថា អ្នករៀនច្រើន មានបទពិសោធន៍ច្រើន មនុស្សពូកែ សុទ្ធតែអាចជោគជ័យទាំងអស់នោះទេ ប៉ុន្តែពេលខ្លះអ្នកមានសមត្ថភាពល្មមៗ ហើយមានភាពស្មោះត្រង់ ក៏អាចមានឱកាសជោគជ័យបានដែរ។
លោកឧកញ៉ាបណ្ឌិត បានលើកឡើងក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗកន្លងទៅ យ៉ាងដូច្នេះថា៖ “ប៉ុន្មានថ្ងៃមុន ខ្ញុំបានជួបគេម្នាក់ គាត់និយាយថា គាត់មិនមែនជាមនុស្សពូកែទេ ប៉ុន្តែអ្នកធំចូលចិត្តគាត់ ដោយសារអ្នកធំត្រូវការមនុស្សដែរទុកចិត្តបាន ដើម្បីធ្វើការងារមួយ ហើយគេទុកចិត្តគាត់ ទោះនៅជុំវិញមានមនុស្សពូកែៗច្រើននាក់ទៀតក៏ដោយ។ អ្នកធំប្រើគាត់ ដោយសារគាត់ជាមនុស្សគួរឱ្យគេទុកចិត្ត ដូច្នេះមានន័យថា មិនប្រាកដថា រៀនច្រើន បទពិសោធន៍ច្រើន ពូកែ សុទ្ធតែជោគជ័យទេ ប៉ុន្តែអ្នកខ្លះសមត្ថភាពល្មមៗតែជាមនុស្សស្មោះត្រង់ ក៏អាចទទួលបានជោគជ័យ”។
ជាមួយគ្នានេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង យល់ថាយុវជន គួរតែហ៊ានសាកល្បងធ្វើអាជីវកម្ម ឬចេញរកស៊ីខ្លួនឯង ទោះបីជារកស៊ីតាមគេ ក៏គ្មានបញ្ហាអ្វីនោះដែរ។ លោកឧកញ៉ា មើលឃើញថា វាមិនមែនជាកំហុសទេ ធម្មតាដួល១០០ដង មិនសំខាន់ទេ ឱ្យតែពេលដួលយើងចេះក្រោកឡើងវិញ។ យើងដើរ យើងដួល យើងក្រោក ហើយយើងរត់ បើយើងរត់ដួលទៀត ក្រោកឡើងត្រូវរត់ឱ្យលឿនជាងមុនទៀត។ លោកឧកញ៉ា បន្តថា យុវជនភាគច្រើន ពុំសូវមានគំនិតថ្មីទេ ពួកគេឃើញចាស់ៗរកស៊ី មើលទៅទំនង ក៏ចាប់ផ្តើមរកស៊ីដែរ។ មនុស្សជាច្រើនគិតថា មិនគួរធ្វើបែបនោះទេ ប៉ុន្តែសម្រាប់លោក យល់ថាយុវជនទាំងនោះគួរតែបន្តធ្វើទៀត ព្រោះមានតែការអនុវត្តទេ ទើបបង្ហាញថា វាទៅមុខ ឬថយក្រោយ បើសូម្បីតែការចាប់ផ្តើមយើងគ្មានផង តើអាចរកការបញ្ចប់ទីនៅកន្លែងណា។
ជាចុងក្រោយ ឧកញ៉ាបណ្ឌិត គីម ហ៊ាង សូមលើកទឹកចិត្តឱ្យយុវជនហ៊ានចេញរកស៊ី ហើយលោកឧទាហរណ៍ថា ឃើញគេបើកភោជនីយដ្ឋានចំណេញ រួចក៏បើកដែរ ហើយចាស់ៗខ្លះថា ប្អូនកុំបើក គេបើកច្រើនហើយ នឹងអាចបរាជ័យ។ សម្រាប់លោកឧកញ៉ាយល់ថា យុវជនទាំងនោះគួរបន្តធ្វើទៅ ហើយធ្វើម៉េចរៀនពីចាស់ៗឱ្យបានច្រើន ដូចជាតើគេលក់ដាច់ដោយសារអ្វី? ទីតាំងល្អ ផលិតផលឆ្ងាញ់ តម្លៃសមរម្យ សេវាកម្មល្អ ឬមានកម្មវិធីបញ្ចុះតម្លៃផ្សេងៗ? ដូច្នេះយើងរៀនសូត្រពីចំណុចល្អរបស់គេ រួចមកបើកហាងរបស់យើង ហើយធ្វើយ៉ាងណាឱ្យល្អជាងគេ។ លោកឧកញ៉ា បានបញ្ជាក់បន្ថែមថា រៀនតាមគេជារឿងដែលល្អ ប៉ុន្តែអ្វីកាន់ល្អគឺ រៀនពីគេហើយត្រូវធ្វើឱ្យកាន់តែល្អជាងគេមួយកម្រិតទៀត បើយើងរៀនពីគេហើយ នៅអន់ជាងគេ នោះយើងនឹងមិនអាចទៅមុខជោគជ័យបានទេ៕