លោកឧកញ៉ាបណ្ឌិត វិញ ហួរ ជាអ្នកជំនួញពហុវិស័យដ៏លេចធ្លោរមួយរូបនៅកម្ពុជា ដោយលោកកំពុងកាន់កាប់ក្រុមហ៊ុនធំៗជាច្រើននៅក្នុងដៃ រួមទាំងតំបន់សេដ្ឋកិច្ចពិសេសកំពត។
ឧកញ៉ា វិញ ហួរ ជាម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី កំពត អេឡិកទ្រីស៊ីធី សឹបផ្លាយ (Kampot Electricity Supply Co., Ltd) ដែលបានបើកដំណើរការ តាំងពីខែមិថុនា ឆ្នាំ២០១២។ លោកឧកញ៉ា ក៏ជាសហស្ថាបនិក រោងចក្រផលិតស៊ីម៉ង់ត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) ដែលវិនិយោគអស់ទឹកប្រាក់ ២៣០លានដុល្លារ នៅតំបន់ភ្នំដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង និងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនធំៗពីរចូលហ៊ុនគ្នា ជាមួយនឹងអ្នកឧកញ៉ា ស៊ី គង់ទ្រីវ ផងដែរ។
លោកឧកញ៉ា ក៏ជាម្ចាស់គ្រប់គ្រង «តំបន់សេដ្ឋកិច្ចពិសេស កំពត» ដែលមានទីតាំង ស្ថិតនៅឃុំកោះតូច និងឃុំបឹងទូក ស្រុកកំពត ខេត្តកំពត មានទំហំដីទំហំ ១៤៥ ហិកតា និងប្រើទុនវិនិយោគជាង ១៥លានដុល្លារ។ តំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតជាគោលការណ៍ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០៦ និងត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៧។
ក្រៅពីម្ចាស់ក្រុមហ៊ុនធំៗខាងលើនេះ លោកឧកញ៉ា វិញ ហួរ ក៏នៅមានក្រុមហ៊ុនមួយចំនួនទៀតផងដែរ ខណៈដែលបច្ចុប្បន្ន ប្រធានក្រុមហ៊ុន ផែកំពត រូបនេះ ក៏មានតួនាទីជា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា។
លោកឧកញ៉ា វិញ ហួរ ត្រូវបានគេមើលឃើញថា ជាសេដ្ឋីមួយរូប ដែលតែងតែចូលរួមជួយដល់ការងារសង្គមយ៉ាងសកម្ម ដូចជាការចូលរួមបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា ការចូលរួមសកម្មភាពសប្បុរសធម៌ផ្សេងៗ និងការសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន រាប់រយខ្នងជាដើម៕