មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា នឹងរៀបចំកម្មវិធីជួបជុំជនពិការកំបុតដៃទាំង២ ទូទាំងប្រទេសលើកទី១២ ប្រមាណជាង ២៥០នាក់ ព្រមទាំងមានការផ្តល់អំណោយឧបត្ថម្ភពីមូលនិធិ ក្នុងម្នាក់ ចំនួន ១លានរៀល នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ជាប់ស្ពានអាកាសក្បាលថ្នល់ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ព្រឹកស្អែកនេះ។
ក្រៅពីរៀបចំកម្មវិធីប្រគល់ថវិកា និងអំណោយឧបត្ថម្ភផ្សេងៗជូនជនពិការកំបុតដៃទាំង២ ទូទាំងប្រទេស ក្នុងថ្ងៃជាមួយគ្នានោះដែរ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា ក៏បាននិមន្តព្រះសង្ឃ ១០៨ អង្គ សូត្រមន្តចម្រើនព្រះបរិត្ត អាយុវឌ្ឍនមង្គល សិរីវិឌ្ឍិ ព្រមទាំងពិធីប្រគល់រថយន្តពេទ្យសង្គ្រោះបន្ទាន់លេខរៀងទី៥៨ ផងដែរ។


អ្នកឧកញ៉ា បណ្ឌិត ជា រតនា ម្ចាស់សណ្ឋាគារ SUN & MOON, Riverside Hotel បានប្រកាសជូនដំណឹងនៅលើទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖ “ខ្ញុំបាទ និងភរិយា សូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ាលោក លោកស្រី អ្នកនាងកញ្ញា ដែលជាសប្បុរសជនទាំងអស់ ដែលបានចូលរួមជួយមូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា ដើម្បីជួយទ្រងទ្រង់ជនពិការកំបុតដៃទាំង២ មេត្តាជ្រាបថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ មូលនិធិ នឹងរៀបចំកម្មវិធីជួបជុំជនពិការកំបុតដៃទាំង២ ទូទាំងប្រទេសលើកទី១២ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ជាប់ស្ពានអាកាសក្បាលថ្នល់” ។
ស្ថាបនិកក្រុមហ៊ុន SUN & MOON GROUP បានឱ្យដឹងបន្ថែមថា សម្រាប់កម្មវិធី ម៉ោង៧:០០ព្រឹក ជនពិការមកដល់ និងបើកអាវយឺត ហើយនៅម៉ោង ៨:០០ព្រឹក ភ្ញៀវកិត្តិយសអញ្ជើញដល់ និងចាប់ផ្តើមកម្មវិធីជាបន្តបន្ទាប់។ អ្នកឧកញ៉ា បន្តថា នេះចាត់ទុកជាសេចក្តីជូនដំណឹង ដល់ជនពិការកំបុតដៃទាំង២ទាំងអស់ ដើម្បីអញ្ជើញចូលរួមតាម កាលបរិច្ឆេទ និងពេលវេលាខាងលើ។
សូមជម្រាបថា មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា តែងតែខិតខំកៀរគរថវិកាពីសប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស ដើម្បីជួយទ្រងទ្រង់ និងជួយសម្រាលបន្ទុកដល់ជនពិការកំបុតដៃទាំង២ទូទាំងប្រទេសកម្ពុជា។ កន្លងមកក្រោមគំនិតផ្ដួចផ្ដើមរបស់ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា មូលនិធិ បានជួយឧបត្ថម្ភជាថវិកា និងសម្ភារៈផ្សេងៗ ដល់ជនពិការកំបុតដៃទាំង២ ជារៀងរាល់ឆ្នាំ ធ្វើជាដើមទុនបង្កើតមុខរបរ ផ្គត់ផ្គង់ការរៀនសូត្រ ពង្រីកចំណេះជំនាញវិជ្ជាជីវៈ សម្រាប់អនាគតពួកគាត់ជាដើម។
ប្រសិនបើ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក – លោកស្រីអ្នកនាងកញ្ញា ដែលជាសប្បុរសជន មានបំណងចង់ចូលរួមឧបត្ថម្ភបន្ថែមជួយជនពិការដៃទាំង២ ជាមួយមូលនិធី សូមមេត្តាទាក់ទងតាមប្រព័ន្ធទូរសព្ទដូចខាងក្រោម៖
-012 699 999 | 095 959 697
-គណនីធនាគារ ABA 011266828 (Lak Chendarith)






