អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំសមាជិក សមាជិកា ចំនួន៦រូប តំណាងឱ្យអ្នកឧកញ៉ា ឧកញ៉ា ចំនួន ៣២រូប ដែលបានចូលរួមបរិច្ចាគថវិកាដោយសទ្ធាជ្រះថ្លា ចូលជួបសម្តែងការគួរសម និងប្រគល់ថវិកាចំនួន ១,៣៤៣,០០០ដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា។

ពិធីប្រគល់ទទួលថវិកានេះ ស្ថិតក្រោមអធិបតីភាព លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅសា្នក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំង ៣២រូប ដែលមានគោរមងារជា អ្នកឧកញ៉ា ឧកញ៉ា នៃសមាគមឧកញ៉ាកម្ពុជា និងបានចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់គុណតម្លៃ នៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បីជាមូលដ្ឋានក្នុងការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្ដ្រចតុកោណ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើនរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន។សមាគមឧកញ៉ាកម្ពុជា បច្ចុប្បន្នគឺមានអគ្គនាយកក្រុមហ៊ុន LYP Group អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន និងមានសមាសភាពក្រុមប្រឹក្សាភិបាលសរុបចំនួន ៣២រូប។




សូមជម្រាបថា សមាគមឧកញ៉ាកម្ពុជា បានអញ្ជើញប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាអធិបតីពិធីប្រកាសផ្លូវការរបស់សមាគមឧកញ៉ាកម្ពុជា និងពិសារអាហារសាមគ្គី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ៕