លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានក្រុមហ៊ុន Sam SN Realty បានបង្ហើបឱ្យដឹងថា កាលនៅវ័យសិក្សាលោកធ្លាប់ឆ្លងកាត់ភាពលំបាកជូរចត់ជាច្រើន ដោយធ្លាប់ដើរទៅរៀន ធ្លាប់ជិះកង់ទៅរៀន ធ្លាប់ជិះម៉ូតូទៅរៀនអស់សាំងកណ្តាលផ្លូវ និងធ្លាប់ជួលផ្ទះស្នាក់នៅតម្លៃត្រឹម ១៥ដុល្លារក្នុង១ខែប៉ុណ្ណោះ។
លោកឧកញ៉ា បានបញ្ជាក់ឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖ “ខ្ញុំធ្លាប់ដើរទៅរៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។ ខ្ញុំធ្លាប់ជិះកង់ទៅរៀនពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ហើយច្រវ៉ាក់កង់របូតជាញឹកញាប់។ ខ្ញុំធ្លាប់ជិះម៉ូតូទៅរៀនថ្នាក់បរិញ្ញាបត្រ ហើយអស់សាំងកណ្តាលផ្លូវ។ ខ្ញុំធ្លាប់ជួលផ្ទះតម្លៃ ១៥ដុល្លារក្នុង១ខែ ៣០ដុល្លារក្នុង១ខែ និង៥០ដុល្លារក្នុង១ខែ ដើម្បីស្នាក់នៅរៀនសូត្រ”។ ទោះយ៉ាងណា លោកឧកញ៉ា យល់ថាការលំបាកទាំងអស់នេះ សុទ្ធតែជាស្ពានចម្លងឱ្យរូបលោកសន្សំបាននូវចំណេះដឹង។
ផ្តើមពីកូនកសិករក្រីក្រ ស្ថិតភូមិខ្សាច់កណ្ដាល ឃុំក្រូចឆ្មារ ស្រុក ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (បច្ចុប្បន្នខេត្តកំពង់ចាម) និងមានបងប្អូនចំនួន ៤នាក់ (ជាកូនប្រុសទី៣ ក្នុងគ្រួសារ) ឧកញ៉ា សំ សុខនឿន បានជម្នះការលំបាកទាំងឡាយ មកជាការខិតខំប្រឹងប្រែងរៀនសូត្រ ចេះសម្លឹង និងក្ដាប់យកឱកាស រហូតក្លាយជាអ្នកជំនួញ កំពុងឈរជើងយ៉ាងរឹងមាំលើវិស័យអចលនទ្រព្យ វិស័យអប់រំ វិស័យឧស្សាហកម្ម ក្រុមហ៊ុននាំចូលជីកសិកម្ម រួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ ព្រមទាំងផ្ដល់ឱកាសការងារដល់ពលរដ្ឋខ្មែរជាច្រើននាក់ ហើយលោកឧកញ៉ាតែងជួយការងារសង្គម និងមនុស្សធម៌ជាហូរហែ។
សូមជម្រាបថា ឧកញ៉ា សំ សុខនឿន ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ និងត្រូវបានបំពាក់ដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទូទាំងប្រទេស កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣៕