អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

កិច្ចសហប្រតិបត្តិការនេះ បានឆ្លុះបញ្ចាំងអំពីសារសំខាន់ និងការយកចិត្តទុកយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល តាមរយៈនិយ័តករ ដែលស្ថិតនៅក្រោមអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមការដឹកនាំរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងការជួយជ្រោមជ្រែងដល់វិស័យឯកជន ដើម្បីបង្កើតយន្តការវិនិយោគថ្មីៗ ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ តាមរយៈវិស័យបរធនបាលកិច្ចនេះ។

ការអភិវឌ្ឍវិស័យបរធនបាលកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ជារបត់ថ្មីមួយ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងកំពុងបោះជំហានជាលំដាប់ ដែលធ្វើឱ្យសាធារណៈជន និងវិស័យឯកជនមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ខ្លាំងក្នុងការស្វែងយល់ ក៏ដូចជាការចូលរួមក្នុងវិស័យបរធនបាលកិច្ចនេះផងដែរ។
សម្រាប់កិច្ចសហប្រតិបត្តិការខាងលើនេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងសូមចូលរួមជាមួយនិយ័តករបរធនបាលកិច្ចដូចជា៖ (១)ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីវិស័យបរធនបាលកិច្ចនៅកម្ពុជា ជាពិសេសឱ្យបានទៅដល់សមាជិក-សមាជិកា និងដៃគូរសហប្រតិបត្តិការរបស់ខ្លួន ពាក់ព័ន្ធទៅនឹងប្រតិបត្តិការបរធនបាលកិច្ច ច្បាប់ និងបទបញ្ញត្តិជាធរមាន ក៏ដូចជាក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យបរធនបាលកិច្ច។ (២)ចូលរួមនិងជំរុញសមាជិករបស់ខ្លួនឱ្យចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ វេទិកា កិច្ចប្រជុំពិភាក្សា ពិគ្រោះ យោបល់ និងព្រឹត្តិការណ៍នានាដែលរៀបចំដោយ ន.ប.ធ តបតាមការអញ្ជើញរបស់ ន.ប.ធ និង (៣)ផ្តល់កិច្ចសហប្រតិបត្តិការរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ វេទិកាពិភាក្សា កិច្ចសន្ទនា ឬព្រឹត្តិការណ៍ប្រចាំឆ្នាំលើប្រធានបទជាក់លាក់ណាមួយ ដែលពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ចក្នុងករណីមានការស្នើសុំពី ន.ប.ធ។





និយ័តករបរធនបាលកិច្ច ជាអាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម តាមរយៈការបង្កើនការវិនិយោគក្នុងស្រុក ដែលជាប្រភពនៃការបន្ថែមចំណូលពន្ធជាតិ, ជំរុញការធ្វើពិពិធកម្មហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងផ្តល់លទ្ធភាពដល់ការតាមដាន និងគ្រប់គ្រងនូវលំហូរទុនលើគ្រប់វិស័យ ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា សំដៅទាក់ទាញទំនុកចិត្តបន្ថែមពីដៃគូអភិវឌ្ឍនានា និងដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុ សម្រាប់វិនិយោគនៅកម្ពុជា៕