កូនស្រីពៅឧកញ៉ា តី វ៉ាវ៉ាន់ថន មានឈ្មោះថា “វិជ្ជាដា” (Kunvecheada Blain) បានបញ្ចប់ការសិក្សាដោយជោគជ័យថ្នាក់មធ្យមសិក្សា នៅសាលាអន្តរជាតិភ្នំពេញ (ISPP) កាលពីម្សិលមិញ ក្រោយខិតខំប្រឹងប្រែងរៀនសូត្រ រយៈពេល ១៥ឆ្នាំ តាំងពីកុមារភាព។

មិនត្រឹមតែបញ្ចប់ការសិក្សាប៉ុណ្ណោះទេ កញ្ញា វិជ្ជាដា ក៏បានឈ្នះពានរង្វាន់ភាពជាអ្នកដឹកនាំ (The ISPP Leadership Award Winner) ពីសាលាផងដែរ។ យ៉ាងណាមិញ ឧកញ៉ា តី វ៉ាវ៉ាន់ថន បានបង្ហាញពីក្តីរំភើប ក្តុកក្តួលយ៉ាងខ្លាំង ក្រោយឃើញកូនស្រីរបស់ខ្លួនបញ្ចប់កម្រិតសិក្សាចំណេះដឹងទូទៅ មុននឹងឈានចូលដល់កម្រិតសាកលវិទ្យាល័យ ដែលជាជំហានថ្មីមួយបន្ទាប់ទៀតក្នុងជីវិត។

លោកស្រីឧកញ៉ា បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុក កាលពីថ្ងៃសៅរ៍ម្សិលមិញថា៖ “ថ្ងៃដែលខ្ញុំទន្ទឹងរង់ចាំជាយូរ បានមកដល់ហើយ ទាំងក្តុកក្តួលក្នុងចិត្ត ទាំងរំភើប។ ម៉ាក់សូមអរគុណកូន ដែលបានខិតខំប្រឹងប្រែងរយៈពេល១៥ឆ្នាំ នៅសាលា ISPP ទោះលំបាកយ៉ាងណា កូនមិនដែលវាចាទេ សុខចិត្តសម្រក់ទឹកភ្នែក ចិត្តកូនដូចម៉ាក់ណាស់។ ម៉ាក់រំភើប ហើយរីករាយបំផុតនៅថ្ងៃនេះ កូនមិនត្រឹមតែបានជោគជ័យនៅក្នុងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែកូនបាននាំកិត្តិយសដល់ក្រុមគ្រួសារទៀត។ ម៉ាក់សូមជូនពរកូនស្រីពៅ សូមកូនមានសុខភាពល្អ អាយុវែង ហើយមានសំណាងពេញមួយជីវិត”។
លោកស្រី តី វ៉ាវ៉ាន់ថន ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជប្រទាន គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ ស្វាមីរបស់លោកស្រី គឺលោកបណ្ឌិត ឆាត សុឆេត ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន ហើយលោកស្រីមានកូនចំនួន ៣នាក់ (ប្រុសម្នាក់)៕


