ឧកញ៉ា សំ សុខនឿន ពន្យល់ពាក្យ “លក់ដីខ្យល់” ក្នុងវិស័យអចលនទ្រព្យ ដើម្បីកុំឱ្យមានការភាន់ច្រឡំ

ជុំវិញ​ឧកញ៉ា

មួយរយៈចុង​ក្រោយ​នេះ​ សាធារណៈជន​​​​មួយ​ចំនួន​ ​មាន​ការ​យល់​ច្រឡំ​ច្រើន​ទៅ​លើ​ការ​ប្រើប្រាស់ពាក្យ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នកដទៃ ​​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​ទាំង​មូល ​​​និង​ប៉ះពាល់​​ដល់​អ្នក​ប្រកប​អាជីវកម្ម​​ផ្នែក​អចលនទ្រព្យ​ដែល​ត្រឹម​ត្រូវ ក្នុង​នោះ​ដូចជាការយល់ច្រឡំទៅលើ​ពាក្យ “លក់ដីខ្យល់”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទង​នឹង​ពាក្យ​ខាង​លើ​នេះ លោក​ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអ្នក​ជំនាញ​អចលនទ្រព្យនៅកម្ពុជា បាន​ថ្លែង​ប្រាប់​ដល់​ ឧកញ៉ា ញូស៍ និង​បាន​​ពន្យល់​​យ៉ាង​ដូច្នេះ​ថា ​ពាក្យ​ថា “លក់​ដីខ្យល់” ក្នុងវិស័យ​អចលនទ្រព្យ​ មានន័យ​ថា ជាការ​លក់ដី​ទៅ​ឱ្យ​នរណា​ម្នាក់ ប៉ុន្តែ​ដី​នោះ​គ្មាន​ទេ​សម្រាប់​អ្នក​ទិញ ហើយ​ជា​ការ​ទិញ​លក់​រវាង​អ្នកលក់ និង​អ្នកទិញ ដែល​អ្នកលក់​មិនមាន​ដី​ផ្តល់​ឱ្យ​អ្នក​ទិញ។

លោក​ឧកញ៉ា បាន​បន្ត​ថា បើសិន​ជា​ការ​លក់​ទាំង​ឡាយ​ណា​ដែល​មាន​ដី​ពិត​ប្រាកដ​ទៅ​ឱ្យ​អ្នកទិញ នោះ​មិនមែន​មានន័យ​ថា​ជា​ការ​លក់​ដី​ខ្យល់​នោះ​ទេ។ ចំណែក​ឯ​​​ការ​លក់​ដី​ទៅ​ឱ្យ​អ្នក​ទិញ ប៉ុន្តែ​​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ផ្ទេរ​កម្មសិទ្ធិ​តិចតួច ​​វា​មិនមែន​​មានន័យ​ថា​ជា​ការ​លក់​ដី​ខ្យល់​នោះ​ទេ។ អ្នកខ្លះ​លក់ដី​ពិត​ប្រាកដ ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ ឬ​អ្នក​ទិញ​ពិត​ប្រាកដ គ្រាន់​តែ​​យឺតយ៉ាវ​ផ្ទេរ​កម្មសិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​កាន់កាប់ ​​មិន​ចាត់​ទុក​ថា​ជា “ការ​លក់​ដី​ខ្យល់” ទេ។

“ដើមហេតុ​​នៃ​ការ​លក់​ដីខ្យល់ ឧទាហរណ៍​ថា ដីនោះ​ម្ចាស់​គម្រោង​​​បាន​ទិញដី​ពី​ម្ចាស់ដើម​ទី​១ ប៉ុន្តែ​ពេល​ខ្លះ​គាត់​បាន​ដាក់​លក់​ទៅ​ឱ្យ​អតិថិជន​របស់​គាត់ ទាំង​ដែល​គាត់​មិន​ទាន់​បាន​​ទិញ​ពី​ម្ចាស់ដើម​បាន​១០០%​ ឬ​មិន​ទាន់​បាន​បង់​លុយ​ឱ្យ​គេ​គ្រប់​ផង​ ក៏​យក​ទៅ​ពុះ​ឡូត៍​លក់​ឱ្យ​អតិថិជន។ នៅ​ពេល​ដែល​ម្ចាស់​គម្រោង​ មិនមាន​លុយ​ឱ្យ​ម្ចាស់​ដី​ដើម​គ្រប់​ នោះ​ម្ចាស់​ដើម​គេ​យក​ដី​វិញ ដូច្នេះ​ម្ចាស់​គម្រោង​ក៏​គ្មាន​ដី​ជូន​ប្រជាពលរដ្ឋ ឬ​អ្នក​ទិញ ដែល​​ហៅ​ថា​ លក់​ដី​ខ្យល់”។ លោកឧកញ៉ា បាន​បន្ថែម។

រីឯ​ហេតុផល​មួយ​ទៀត លោក​ឧកញ៉ា ​លើក​ឡើង​ថា​ ​ឧទាហរណ៍​មាន​អ្នកខ្លះ​ទិញ​ដី​បាន​តែ ៣០ហិកតា​ទេ ប៉ុន្តែ​ពុះ​ដីឡូត៍​លក់​រហូត​ដល់ ៦០​ហិកតា ​​ខណៈ​ដែល​ដី​៣០ហិកតា មិន​ទាន់​បាន​ទិញ​ពី​ម្ចាស់​ដើម​ទេ តែ​ហ៊ាន​យក​ទៅ​លក់​ជូន​ប្រជាពលរដ្ឋ ដោយ​សង្ឃឹម​ថា​ខ្លួន​នឹង​អាច​ទិញ​ដី​ទាំង​អស់​នេះ​បាន។ ផ្ទុយ​ទៅ​វិញ ​​ម្ចាស់​គម្រោង​មិន​អាច​ទិញ​ដី​ពី​ម្ចាស់​ដើម​នោះ​​បាន​ទេ ហើយ​នេះ​ជា​ដើម​ហេតុ​​នៃ​ការ​លក់ដី​ខ្យល់​​ដែរ។

លោក​ឧកញ៉ា សំ សុខនឿន ​​បាន​បញ្ជាក់​បន្ថែម​ថា ​បើ​សិន​ជា​​​អ្នក​អភិវឌ្ឍន៍​ទាំង​ឡាយ​ណា ​​មាន​ដី​ឱ្យ​អតិថិជន​ពិត​ប្រាកដ ​មាន​ផ្ទះ​ជូន​អតិថិជន​ពិត​ប្រាកដ គ្រាន់​តែ​ការ​ប្រគល់​ជូន​​មាន​ការ​យឺតយ៉ាវ ឬ​ការ​កាត់​ប្លង់​ជូន​អតិថិជន​មាន​ការ​យឺតយ៉ាវ ឬ​ប្រគល់​ផ្ទះ​ឱ្យ​អតិថិជន​មាន​ការ​យឺតយ៉ាវ ​​នោះ​គេ​មិន​ហៅ​ថា​ ជា​ការ​លក់​ដី​ខ្យល់​ ឬ​ជា​ការ​បោក​ប្រាស់​នោះ​ទេ​ ​​ហើយ​នោះ​ជា​ការ​លក់​ដោយ​ស្រប​ច្បាប់​ត្រឹម​ត្រូវ​ហើយ ​​​គ្រាន់​តែ​អតិថិជន​ទទួល​បាន​អចលនទ្រព្យ​មក​គ្រប់គ្រង​ មាន​ការ​យឺត​យ៉ាវ​តិចតួច​ប៉ុណ្ណោះ៕
​​