ឧកញ៉ា ប៉ិច បូឡែន ជាប់ឆ្នោតជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អាណត្តិ ២០២៤-២០២៦

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា ប៉ិច បូឡែន បាន​បន្ត​ជាប់ឆ្នោតជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អាណត្តិ ២០២៤-២០២៦ ក្នុង​ការបោះឆ្នោតជ្រើសតាំងក្រុមបឹ្រក្សាភិបាល អាណត្តិ ២០២៤-២០២៦ ស្ថិតនៅអគារកោះពេជ្រ រាជធានីភ្នំពេញ ​​កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី “សន្និបាតប្រចាំឆ្នាំ និងការបោះឆ្នោតជ្រើសតាំងក្រុមបឹ្រក្សាភិបាល អាណត្តិ ២០២៤ – ២០២៦” នា​រសៀល​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ​​របស់​សមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រារព្ធឡើងក្នុង​គោលបំណង​ទី១ ធ្វើបច្ចុប្បន្នភាព រាយការណ៍អំពីវឌ្ឍនភាព ក៏ដូចជាដើម្បីអបអរសាទរភាពជោគជ័យ និងសមិទ្ធផលរបស់​សមាគម​សហគិនវ័យក្មេងកម្ពុជាកន្លងមក ជាពិសេសសមិទ្ធផលដែលសម្រេចបាននៅក្នុងឆ្នាំ២០២២ និងដើម​ឆ្នាំ២០២៣។ ជាក់ស្ដែង សមាគមបានដាក់ផែនការពង្រីកសាខាទៅកាន់ខេត្តផ្សេងទៀត ជាពិសេសខេត្តនៅតាម​បណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន ពោលគឺសមាគមនឹងបង្កើត​សាខា​​ឱ្យ​បានគ្រប់ខេត្ត ទូទាំងប្រទេសកម្ពុជានៅត្រឹមឆ្នាំ២០២៦។

រីឯ​គោលបំណងដ៏សំខាន់ទី២ គឺការបោះឆ្នោតជ្រើសតាំងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាជាផ្លូវការ និង​ក្រុមប្រឹក្សាភិបាលថ្មីសម្រាប់អាណត្តិ ២០២៤ – ២០២៦។ ជា​លទ្ធផល​ សមាសភាពប្រធានសមាគមថ្មីជាផ្លូវការ គឺឧកញ៉ា ប៉ិច បូឡែន និងសមាសភាពក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិថ្មី ២០២៤ – ២០២៦ ចំនួនបួនរូប ដែលត្រូវបានជាប់ឆ្នោត រួមមានលោកស្រី នុត ក្លារ៉ា នាយិកាប្រតិបត្តិក្រុមហ៊ុន Apsara Media Services (AMS) លោក ញ៉េប ទីណាល់ ប្រធាននិងនាយកសាលា THE CAMFIRST SCHOOL លោកស្រី ប៉ោ ជូ នាយិកា​គ្រប់​គ្រងក្រុមហ៊ុន Allcon Consulting Co., Ltd. និងលោក គឹម សុខអេង អគ្គនាយកក្រុមហ៊ុន Borey KC Co., Ltd.។

សូម​ជម្រាប​ថា ក្នុងពិធីសំណេះសំណាល និងលៀងសាយភោជន៍របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅ​មជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ​​​កាលពី​ល្ងាច​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បាន​ចូលរួមអបអរសាទរចំពោះទំនាក់ទំនងយ៉ាងល្អ​ប្រសើររវាងសហគ្រិនយុវជនវ័យក្មេង​របស់​កម្ពុជា ដែលបានចងក្រងគ្នាបណ្តាញ និងបានរួមគ្នាកសាងសហគមន៍ធុរកិច្ច ដើម្បីជំរុញមុខជំនួញរបស់ខ្លួនផង និងបានបង្កើតឱកាសការងារគ្រប់កម្រិត និងជំនាញសម្រាប់ប្រជាជនកម្ពុជាជាច្រើនពាន់ម៉ឺននាក់។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា ​​ត្រូវ​បាន​បង្កើត​ឡើង​ នៅ​ឆ្នាំ២០០៩ ហើយ​ក្នុងរយៈពេល​ត្រឹម ១៤ឆ្នាំ សមាគម​បានពង្រីកសមាជិកកើនដល់ ៥៤៦នាក់ មកពីវិស័យផ្សេងៗគ្នា និងមានការបង្កើតសាខានៅតាម​បណ្តារាជធានី-ខេត្តជាបន្តបន្ទាប់ ដើម្បី​បម្រើឱ្យការពង្រឹង និងពង្រីកសក្តានុពលនៃអាជីវកម្មផង និងជា​ពិសេស​បានរួមគ្នាដោះស្រាយនូវបញ្ហាប្រឈម ដើម្បីការពារផលប្រយោជន៍របស់សហគ្រិន រួមទាំងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាធុរកិច្ចថ្មី ដែលជាដៃគូយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការរួមដំណើរបោះជំហានឆ្ពោះទៅ​រក​វិបុលភាពនិងការអភិវឌ្ឍ ដែលផ្តោតទៅលើការបែងចែកផលលាភប្រកបដោយសមធម៌ សម្រាប់ប្រជាជន​គ្រប់ៗគ្នា៕