ជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE Group Co.,LTD) យល់ឃើញថា លុយពិតជាសំខាន់សម្រាប់មនុស្សនៅលើលោកនេះ ហើយលុយអាចទិញអ្វីៗបានសឹងតែគ្រប់យ៉ាង ប៉ុន្តែមានរឿងបីយ៉ាង ដែលលុយមិនអាចទិញបានគឺ ពេលវេលា សុខភាព និងក្តីសុខពិតប្រាកដ។

លោកជំទាវឧកញ៉ា បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា ថ្ងៃច័ន្ទ និងថ្ងៃសុក្រ ជាថ្ងៃដែលលោកជំទាវមិនធ្វើការណាត់ជួបរកស៊ីនោះទេ បើសិនជាមិនចាំបាច់។ ថ្ងៃសៅរ៍ អាទិត្យ អាចជាថ្ងៃសម្រេចការងារនានា ឬកម្សាន្តចុងសប្តាហ៍ ជួបជុំគ្រួសារ និងកូនៗ ដែលជាពេលវេលាដ៏មានតម្លៃបំផុត។
“លុយពិតជាសំខាន់សម្រាប់មនុស្សនៅលើលោកយើង លុយអាចទិញអ្វីៗបានសឹងតែគ្រប់យ៉ាងទាំងអស់ផងដែរ តែលុយមិនអាចទិញពេលវេលា មិនអាចទិញសុខភាព ពិសេសលុយមិនអាចទិញក្តីសុខពិតបានឡើយ។ ក្តីសុខពិត លុយមិនអាចប្រាថ្នាចង់ស្គាល់ចង់បាន លុះត្រាណាបុគ្គលនោះមានចិត្តស្ងប់ និងស្គាល់ពាក្យថាគ្រប់គ្រាន់ ទើបក្តីសុខពិតនោះ រំលេចខ្លួនចេញមកឱ្យយើងស្គាល់បានយ៉ាងងាយបំផុត”។ លោកជំទាវឧកញ៉ា បានបញ្ជាក់បន្ថែម។

លោកជំទាវឧកញ៉ា នឹម វណ្ណៈ ជាអ្នកជំនួញវ័យក្មេងលេចធ្លោរមួយរូប លើពហុវិស័យ ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២២ លោកជំទាវបានកាន់កាប់មុខជំនួញចំនួន ៧ ក្នុងនោះមានដូចជា៖ (១)ក្លឹបកម្សាន្ត និងភោជនីយដ្ឋាន អេ ស៊ី អ៊ី (ACE Lounge and Restaurant), (២)ភោជនីយដ្ឋានអូសក្រឡា OS KROLA – អូសក្រឡា (ឆ្នេរអូរត្រេះទី១ ក្រុងព្រះសីហនុ), (៣)ឆ្នោតនាគ, (៤)ក្រុមហ៊ុនមេធាវី អេជ អេន អេស (HNS Law Group), (៥)សារាយធម្មជាតិ NNP (NNP Cambodia Shop), (៦)ស្ករសម្រក និង Detox L2ME និង(៧)ប្រេងខ្យល់ ប្រេងកូឡា ផ្កាឈូក ផលិតនៅហុងកុង ប្រទេសចិន ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន ACE GROUP៕